ភ្នំពេញ ៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គោលដៅសំខាន់នៃការរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ក្រសួងមហាផ្ទៃនេះឡើង គឺដើម្បីឱ្យមន្ត្រីកងកម្លាំងអនុវត្តច្បាប់ក្រោមចំណុះក្រសួងមហាផ្ទៃ បានចូលរួមលេងកីឡា ដើម្បីសុខភាព បង្កើនចំណងស្មារតីសាមគ្គីភាពរវាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន ក្រោមចំណុះក្រសួងមហាផ្ទៃ។
លោករដ្ឋលេខាធិការ ក្នុងឱកាសសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោត ចែកពូលការប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ។
លោកសរ សិទ្ធិ មានប្រសាសន៍ថា ជាធម្មតា ការរៀបចំពីមួយ លើកទៅមួយលើក គឺគណៈកម្មការរៀបចំតែងតែ កែលម្អរនូវរៀបចំ និងការចូលរួមរបស់ក្រុមនានា ដើម្បីធ្វើឱ្យកាន់តែល្អប្រសើរឡើង សម្រាប់រដូវកាលទី២នេះ។ ឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា ការប្រកួតនៅរដូវកាលទី២នេះនឹងកាន់តែមានការយោគយល់អធ្យាស្រ័យគ្នា និងជំរុញឱ្យកីឡាករគ្រប់ក្រុមទាំងអស់ កាន់តែយល់ពីច្បាប់ល្បែងបាល់ទាត់ ព្រមទាំងការប្រកួតប្រជែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងន័យបង្កើនសុខភាព និងស្មារតីមិត្តភាព សាមគ្គីភាព។
បន្ថែមពីលើនេះ ក្រៅពីការរៀបចំ កីឡាបាល់ទាត់របស់ក្រុមមន្ត្រី នគរបាលនេះ ក្រសួងមហាផ្ទៃក៏មានការរៀបចំ ប្រភេទកីឡាជាច្រើនទៀត ទាំងក្នុងស្រុក និងការប្រកួតអន្តរជាតិនានា ដែលអត្តពលិកជានគរបាល តែងតែចូលរួមប្រកួតប្រជែងមេដាយជូនអង្គភាព និងប្រទេសជាតិពីលើឆាកអន្តរជាតិ ដូចជាការប្រកួតកីឡាកម្រិតអាស៊ាន និងការប្រកួតកីឡានគរបាលពិភពលោក ដែលក្រសួងមហាផ្ទៃធ្លាប់បញ្ជូនអត្តពលិកចូលរួមចំនួន៣លើករួចមកហើយ ដូចជានៅប្រទេសចិន ប្រទេសហូឡង់ និងប្រទេសកាណាដា ហើយលើកទី៤ ដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខ ក្នុងឆ្នាំ២០២៥នេះនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ។
ប្រធានគណៈកម្មការរៀបចំ ការប្រកួតបាល់ទាត់ ក្រសួងមហាផ្ទៃ លោក សរ សិទ្ធិ គូសបញ្ជាក់ទៀតថា ដោយទទួល បានអនុសាសន៍ និង ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំព្រឹត្តិការណ៍ប្រកួត ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ ដែលគោលបំណងចម្បង របស់យើងក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះឡើង គឺដើម្បីចូលរួមចំណែកលើកកម្ពស់ វិស័យកីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាន នានាចំណុះក្រសួងមហាផ្ទៃ ។
លោក សរ សិទ្ធិ សង្កត់ធ្ងន់ថា ការចូលរួមក្នុង ព្រឹត្តិការណ៍ប្រកួតនេះ គឺពិតជាបានបង្ហាញឱ្យឃើញ ពីការប្តេជ្ញាចិត្ត ដ៏មុតមាំ របស់ឯកឧត្តមប្រធានក្លឹបនីមួយៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជំនួសមុខឱ្យគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាបណ្តាក្លឹបទាំងអស់ ដែលបានចូលរួមការប្រកួត ឯកឧត្តមបានថ្លែង អំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាព មន្រ្តីរាជការក្រោមឱវាទ ដោយផ្តល់អនុសាសន៍ និងបានផ្តល់នូវការគាំទ្រ និងជំរុញឱ្យមានការរៀបចំ ព្រឹត្តិការណ៍កីឡានេះឡើង ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥នេះ មានការចូលរួមពីបណ្តា ក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា សរុប ១៣ក្លឹប ដោយចែកចេញជា៤ពូល ក្នុងនោះ ៣ពូលមាន ៣ក្រុមស្មើៗគ្នា ខណៈពូល D មាន៤ក្រុម។ ចំពោះកម្មវិធីប្រកួត គឺត្រូវចាប់ផ្តើមពិធីបើក នៅថ្ងៃទី១៦ ខែមករា និងកម្មវិធីបិទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ហើយពិធីបើក និងពិធីបិទ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ដោយឡែកការប្រកួតនានាធ្វើឡើង នៅទីលានបាល់ទាត់ វិទ្យាល័យបឹងត្របែក៕