ភ្នំពេញ៖ក្រុមកីឡាករ-ក្រុមកីឡាការិនីយូដូក្រសួងការពារជាតិដណ្តើមមេដាយមាស ១១គ្រឿង ខណៈក្រុមកីឡាករ-ក្រុមកីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ២គ្រឿងនៃការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-ក្រុមកីឡាការិនីយូដូជាផ្លូវការដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងលោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា និងប្រធានបច្ចេកទេសតំណាងខេមរសហព័ន្ធកីឡាយូដូ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក។

លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករ-ក្រុមកីឡាការិនីយូដូក្រសួងការពារជាតិដណ្តើមមេដាយមាស ១១គ្រឿង ខណៈក្រុមកីឡាករ-ក្រុមកីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ២គ្រឿង ក្រុមកីឡាករ-ក្រុមកីឡាការិនីខេត្តកណ្តាល ដណ្តើមមេដាយមាស ១គ្រឿង និង ក្រុមកីឡាករ-ក្រុមកីឡាការិនីអូឡាំពិក ដណ្តើមមេដាយមាស ១គ្រឿង។

យោងតាម ផែនការប្រចាំឆ្នាំ២០២៤ របស់ខេមរសហព័ន្ធកីឡាយូដូ។ ខេមរសហព័ន្ធកីឡាយូដូនឹងមានការរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ដោយកីឡាករ-កីឡារិនីចូលរួមតាមរាជធានីខេត្ត ដែលជាសមាជិកសហព័ន្ធ ដែលប្រព្រឹត្តិរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

លោកគ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា បានបន្តថា ការប្រកួតកីឡាយូដូជ្រើសរើសជើងឯកនេះ សហព័ន្ធធំៗចំនួនដាក់ ៣ វិញ្ញាសារួមមានវិញ្ញាសាប្រយទ្ធឯកត្តជន (អាយុក្រោម ១១ ឆ្នាំ ដល់ ១៣ ឆ្នាំ) វិញ្ញាសាប្រយទ្ធឯកត្តជន (អាយុក្រោម ១៤ ឆ្នាំ ដល់ ១៦ ឆ្នាំ) និងវិញ្ញាសាប្រយទ្ធឯកត្តជន (អាយុ ១៧ ឆ្នាំឡើង) ។


លោកបានញ្ជាក់ថា ក្នុងការអភិឌ្ឍប្រភេទកីឡាយូដូល្អ និងឆ្នើមចេញពីក្មេង ដោយសាររូបលោកធ្លាប់លោកលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន ប្រាប់លោកថា ការបណ្តុះបណ្តាលប្រភេទកីឡាតេក្វាន់ដូ WT ចេញពីក្មេងតាមសាលារៀនឯកជន និងរដ្ឋ ដូច្នេះខេមរសហព័ន្ធយូដូ នឹងត្រៀមខ្លួនបែបនេះដែរ៕
ដោយ៖ លី ភីលីព
