ភ្នំពេញ៖ លោក ខូវ ឆាយ ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិចាស់ទី៧ ឆ្នាំ២០២១-២០២៥ បានបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីជាប់ឆ្នោតពីសមាជិក និងអ្នកទំាងសមាគមរាជធានីខេ្តទំាង២៥ បានសម្រេចបោះឆ្នោតជូនរូបលោកក្នុងពិធីមហាសន្និបាតសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ ។

អង្គមហាសន្និបាតនេះបានបោះឆ្នោតគាំទ្រដល់គណៈកម្មាធិការប្រតិបត្តិមានឈរឈ្មោះ ១៩រូប ហើយអ្នកដែលមានសិទ្ធិបោះឆ្នោតមានចំនួន ៣៣នាក់ស្មើនឹង ៣៣សំឡេង។ ជាលទ្ធផល ក្នុងចំណោម ៣៣សំឡេងនេះ គឺមាន ៣២សំឡេងបានយល់ព្រម និង ១សំឡេងមិនគាំទ្រចំពោះគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីមាន ១៩រូប។

លោក ខូវ ឆាយ បានមានប្រសាសន៍ថា គណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីនេះ មានតែប្រធាន អនុប្រធាន និងសមាជិកប៉ុណ្ណោះ ដោយអគ្គលេខាធិការមិនទាន់ត្រូវបានតែងតាំងនៅឡើយទេ ដោយនឹងត្រូវជ្រើសរើសពីវិស័យឯកជន និងមានសមត្ថភាពធ្វើការ ៨ម៉ោង ដូច្នេះអគ្គលេខាធិការ និងអគ្គលេខាធិការរងរូបលោកនឹងជ្រើសរើសខាងក្រៅសហព័ន្ធ ព្រមទាំងជាបុគ្គលដែលគ្មានក្លិបប្រដាល់គុនខ្មែរ។

លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ខូវ ឆាយ ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានអង្គមហាសន្និបាតបានអញ្ជើញចូលរួមក្នុងពិធីមហាសន្និបាតសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។

ពិធីមហាសន្និបាតសហព័ន្ធកីឡាប្រដាល់គុនខ្មែរខាងលើនេះក៏ដោយលោក ដួង មាសចំរើន អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភារម្យ ទីប្រិក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិក ទទួលបន្ទុកបេសកកម្មពិសេស និងប្រធានការិយាល័យកីឡានៃមន្ទីរអប់រំកាយ និងកីឡាទូទាំងប្រទេស៕




ដោយ៖ លី ភីលីព
