ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ចូលរួមពិធីបិទការរៀបចំការប្រកួតកីឡាចំបាប់ សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២៤ ការប្រកួតឡើងដោយសហព័ន្ធកីឡាចំបាប់កម្ពុជានឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតរយៈពេល ៥ ថ្ងៃនេះ សមាគមកីឡាចំបាប់ ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ៨គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ១១គ្រឿង ក្លិបកីឡាចំបាប់ គិរី បារមី ដំរីមានរិទ្ធ (ខេត្តកំពង់ឆ្នាំង) ដណ្តើមបានមេដាយមាសចំនួន ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងក្លិបកីឡាចំបាប់ បារមី មេទ័ពម៉ឺនឯក (ខេត្តកណ្តាល) ដណ្តើមបានមេដាយមាសចំនួន ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង។
ក្លិបកីឡាចំបាប់ គីរី ដណ្តើមបានមេដាយមាសចំនួន ១គ្រឿង និងមេដាយប្រាក់ ១គ្រឿង ក្លិបកីឡាចំបាប់ យាយាទ្រីងមានរិទ្ធ(ខេត្តកំពង់ឆ្នាំង) ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង ក្លិបកីឡាចំបាប់ តាគប់មានរិទ្ធិ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងក្លិបកីឡាចំបាប់ ឬទ្ធិ សែន (ខេត្តកំពង់ឆ្នាំង) ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង៕
ការប្រកួតខាងលើកនេះមានកីឡាករ-កីឡាការិនីចំបាប់ចំនួន ៨៦នាក់មកពីក្លិប និងសមាគមចំនួន ១៤ ក្នុងនោះកីឡាករចំនួន ៥៨ នាក់ និងកីឡាការិនី ២៨ នាក់ រួមមានសមាគមកីឡាចំបាប់ ក្រសួងមហាផ្ទៃ ក្លិបកីឡាចំបាប់ គិរី បារមី ដំរីមានរិទ្ធ (ខេត្តកំពង់ឆ្នាំង) ក្លិបកីឡាចំបាប់ ឬទ្ធិ សែន (ខេត្តកំពង់ឆ្នាំង) ក្លិបកីឡាចំបាប់ ប្រយ៉ាប មានរិទ្ធ (ខេត្តកំពង់ឆ្នាំង) និងក្លិបកីឡាចំបាប់ យាយាទ្រីងមានរិទ្ធ (ខេត្តកំពង់ឆ្នាំង) ។
ក្លិបកីឡាចំបាប់ តាគប់មានរិទ្ធិ ក្លិបកីឡាចំបាប់ ឃ្លាំងមឿន (ខេត្តពោធិ៍សាត់) ក្លិបកីឡាចំបាប់ ព្រះធាតុ (ខេត្តពោធិ៍សាត់) ក្លិបកីឡាចំបាប់ខេត្តកណ្តាល ក្លិបកីឡាចំបាប់ បក្សីចាំក្រុង ក្លិបកីឡាចំបាប់ បារមី មេទ័ពម៉ឺនឯក (ខេត្តកណ្តាល) ក្លិបកីឡាចំបាប់ គីរី និងក្លិបកីឡាចំបាប់ ព្រៃវែង ។
យោងតាមបទបញ្ជាការប្រកួតកីឡាចំបាប់ពិភពលោក (UWW) សហព័ន្ធកីឡាចំបាប់កម្ពុជាបានបែងចែក និងវិញ្ញាសាដូចជាចំបាប់សម័យគឺចំបាប់សេរីបុរស ៖ ប្រភេទទម្ងន់ក្រោម ៦១ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម និងប្រភេទទម្ងន់ ៨០ គីឡូក្រាមឡើង រីឯកចំបាប់សេរីនារី៖ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងប្រភេទទម្ងន់ ៥៧ គីឡូក្រាមឡើង ។ ដោយឡែកវិញញាសាចំបាប់ក្រិចកូរ៉ូមាំង៖ប្រភេទទម្ងន់ក្រោម ៧២ គីឡូក្រាម និងប្រភេទទម្ងន់ ៨០ គីឡូក្រាមឡើង។ ចំបាប់បុរាណខ្មែរគឺវិញ្ញាសាចំបាប់បុរាណបុរស ៖ ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ប្រភេទទម្ងន់ ៧០ឡើង គីឡូក្រាម ៕
ដោយ៖ លី ភីលីព