កីឡា

ប្រកួតកីឡា ទោចក្រយាន ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៤ ចាប់ផ្តើមលើកដំបូង នៅខេត្តកំពត

ខេត្តកំពត ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោក អ៊ឹង ឆាយ អភិបាលរង ខេត្តតំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក វង្ស ខាន់ពៅ អនុប្រធានសហព័ន្ធកីឡា ទោចក្រយានកម្ពុជា បានអញ្ជើញបើកពិធី ប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅរូបសំណាក់សេះសមុទ្រ បាញ់ទឹក ខេត្តកំពត រៀបចំដោយសហព័ន្ធកីឡា ទោចក្រយានកម្ពុជា ប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាសហការ ជាមួយរដ្ឋបាលខេត្តកំពត ។

ការប្រកួតកង់គួក រយៈចម្ងាយឆ្ងាយ (Road Bike Individual Mass Start) ចាប់ផ្តើមចេញដំណើរពីខាងមុខសាលា ខេត្តកំពត និងធ្វើដំណើរ បញ្ចប់ទី នៅរូបសំណាក់លោកយាយម៉ៅ លើភ្នំបូកគោ។ ការប្រកួតកង់ភ្នំ (Mountain Bike) ចាប់ផ្តើមចេញដំណើរ និងមកបញ្ចប់ទីវិញ នៅជើងភ្នំស ខេត្តកំពត។ ការប្រកួតកង់គូករយៈចម្ងាយខ្លី (Road Bike Criterium) ចាប់ផ្តើមចេញដំណើរ និងបញ្ចប់ទី នៅខាងមុខសាលា ខេត្តកំពត ។

លោក វង្ស ខាន់ពៅ បានមានប្រសាសន៍ថា ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការអភិវឌ្ឍ សហព័ន្ធកីឡា ជាតិ សហព័ន្ធខ្មែរ កីឡាទោចក្រយាន បានសហការ ជាមួយសាលាខេត្តកំពត រៀបចំការប្រកួតឥកីឡាទោចក្រយាន ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដើម្បីជ្រើសរើសកីឡាករ – កីឡាការិនីឆ្នើមប្រចាំឆ្នាំ២០២៤ សម្រាប់ហ្វឹកហាត់បំប៉ន សមត្ថភាពត្រៀម ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ និងការប្រកួតអន្តរជាតិនានា ក្នុងពេលខាងមុខ ។

លោកអនុប្រធានបានបន្តថា លោកសុំឲ្យគោរពតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិន គិតតែពីការយក ឈ្នះ និង ចាញ់ ពោល គឺឈរលើស្មារតីកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផល បច្ចេកទេស និង សុំឲ្យមន្ត្រីគណៈកម្មការបច្ចេកទេស សហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍ ការប្រកួតជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុត្តិធម៌ មិនលម្អៀង និងគោរពបាន តាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា ៕

Most Popular

To Top