កីឡា

អតីតម្ចាស់មេដាយមាស អូឡាំពិក ដំបូងរបស់ប្រទេសថៃ ត្រូវបានកាត់ទោស ពីបទប៉ុនប៉ងរំលោភ ក្មេងស្រីអាយុ ១៧ ឆ្នាំ

AFP

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាប្រដាល់សកល Somluck Kamsing ដែលជាម្ចាស់មេដាយមាស អូឡាំពិកដំបូងគេ របស់ប្រទេសថៃ ត្រូវបានកាត់ទោសឲ្យជាប់គុកជាង ៣ ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ពីបទចាប់ពង្រត់ និងប៉ុនប៉ងរំលោភ លើក្មេងស្រីជំទង់ម្នាក់ ។

នេះបើយោងតាមសារព័ត៌មាន Bangkok Post បាននិយាយថា លោក Kamsing អាយុ ៥២ ឆ្នាំ បានក្លាយជាវីរៈបុរសជាតិ នៅពេលលោក បានឈ្នះមេដាយមាសប្រដាល់ ទម្ងន់ Featherweight ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា អូឡាំពិក Atlanta ឆ្នាំ ១៩៩៦ ជាមេដាយមាសដំបូងគេ មិនធ្លាប់មានរបស់ប្រទេសថៃ នៅព្រឹត្តិការណ៍នោះ ។ ទោះជាយ៉ាងណា ក៏ដោយ តុលាការ ខេត្ត Khon Kaen បានរកឃើញថា លោកមានទោស ពីបទចាប់ពង្រត់កុមារ ពីបទធ្វើបាប និងប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់។

តុលាការបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការប៉ុនប៉ងរំលោភដោយបង្ខំ និងចាប់មនុស្សដែលមានអាយុលើសពី ១៥ ឆ្នាំ ប៉ុន្តែមិនលើសពី ១៨ ឆ្នាំសម្រាប់គោលបំណង មិនសមរម្យ សកម្មភាពរបស់ចុងចោទទី ១ គឺជាបទល្មើសតែមួយដែលបំពានច្បាប់ជាច្រើន ។ លោក Kamsing ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ មួយខែ និង១០ ថ្ងៃ។

សារព័ត៌មាន Thai PBS World បានរាយការណ៍ថា តុលាការបានផ្តល់ប្រាក់ធានានៅក្រៅឃុំលោក Kamsing ក្នុងតម្លៃ ៣០០,០០០បាត ស្មើនឹង ៩,០០០ដុល្លារ ខណៈលោកបន្តការប្តឹងឧទ្ធរណ៍។ លោកក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន ៥,០០០ ដុល្លារសម្រាប់សងជំងឺចិត្តជនរងគ្រោះ។

ករណីនេះបានចាប់ផ្តើមពីពាក្យបណ្តឹងដែលបានប្តឹងកាលពីខែធ្នូ ឆ្នាំ ២០២៣ ដោយក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់បានចោទប្រកាន់ថា លោក Kamsing បានរំលោភនាង ក្នុងសណ្ឋាគារមួយនៅខេត្ត Khon Kaen ទីក្រុងនៅភាគឦសានប្រទេសថៃ។ បើតាមសមត្ថកិច្ច ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីលោក Kamsing និងក្មេងស្រីរងគ្រោះ បានជួបគ្នានៅបារមួយកន្លែង ហើយស្នាក់នៅទីនោះ រហូតដល់ម៉ោង៣ទៀបភ្លឺ។

តុលាការបានបញ្ជាក់ថា ខ្លួនបានរកឃើញការចោទ ប្រកាន់របស់ក្មេងជំទង់គួរឲ្យទុកចិត្ត ដោយលើកឡើងពីភស្តុតាង នៃការមានស្នាមជាំ លើរាងកាយ របស់នាង ហើយបានច្រានចោលការអះអាង របស់ចុងចោទថា ក្មេងស្រីជំទង់ បានយល់ព្រម។ តុលាការបន្ថែមថា ការសម្រេចចិត្ត តាមគាត់ទៅសណ្ឋាគារមិនបានបញ្ជាក់ថា នាងសុខចិត្តរួមភេទជាមួយគាត់នោះទេ ៕

Most Popular

To Top