កីឡា

លោក វ៉ាត់ ចំរើន អំពាវនាវឲ្យ ប្រធានមន្ទីរអប់រំកាយ និងកីឡាទំាង២៥ ជំរុញការអភិឌ្ឍន៍ ប្រភេទកីឡា ក្នុងខេត្តរបស់ខ្លួន ឲ្យមានសក្តានុពល

ភ្នំពេញ ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា តំណាងសហព័ន្ធកីឡាជាតិទំាង ១៤ និងប្រធាន អនុប្រធាន ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំកាយ និងកីឡាទំាង២៥ បានអញ្ជើញចូលរួមកិច្ច ប្រជុំផ្សព្វផ្សាយបញ្ញត្តិទូទៅ និងបទបញ្ជបច្ចេកទេសការ ប្រកួតកីឡា សិស្សបឋមសិក្សា និងមធ្យមសិក្សា ថ្នា្កក់ជាតិឆ្នាំ២០២៥ នៅសាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹហ្វឺនកីឡា ។

លោក ហួត សេងទ្រី បានរាយការណ៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាចាប់ផ្តើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ មាន ១៣ ប្រភេទកីឡា ៦៨ វិញ្ញាសារួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាល្បុក្កតោ កីឡាហែលទឹក កីឡាគុនដាវ និងចំបាប់ ។

ចំណែកការប្រកួតកីឡាសិស្សមធ្យមសិក្សាវិញ ចាប់ផ្តើមពីថ្ងៃទី៦ រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ មាន ១៤ ប្រភេទកីឡា ១២៣ វិញ្ញាសារួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាល្បុក្កតោ កីឡាហែលទឹក ការ៉ាតេ វ៉ូវីណាម និងចំបាប់ ។

លោកប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍បានបន្តថា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រតិភូ គ្រូបង្វឹក និងអត្តពលិក ដែលបានបំពាន បញ្ញត្តិទូទៅ ឬបទបញ្ជា បច្ចេកទេស នៃការប្រកួតតាមប្រភេទ កីឡានីមួយៗ ដូចជាការគិតលទ្ធផលទុកជាមុន បន្លំកីឡាករ បន្លំអាយុ ក្លែងឯកសារ។ល។ ត្រូវទទួលពិន័យ ដូចជាលិខិតព្រមានរដ្ឋបាល ពីក្រសួងអប់រំ យុវជន និងកីឡា ដកសិទ្ធិមិនឲ្យបុគ្គល ឬក្រុមបន្តការប្រកួត និងដកសិទ្ធិការចូលរួមប្រកួតថ្នាក់ជាតិ ២ឆ្នាំបន្ទាប់ ដកហូតមេដាយ ប្រាក់រង្វាន់ ដែលបានទទួលពីជ័យលាភី ពិន័យជាប្រាក់ចំនួន ១ ០០០ ០០០រៀល (មួយលានរៀល) ក្នុងករណីពិនិត្យ ឃើញថា មានការបន្លំ ការក្លែងឯកសារ ឬទទួលពាក្យបណ្ដឹងផ្សេងៗ ក្រសួងនឹង ចាត់តាំងគ ណៈកម្មការដោះស្រាយបណ្តឹង និងវិន័យ ដើម្បីចុះទៅពិនិត្យ ជាក់ស្តែងដល់រាជធានី ខេត្ត។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប្រធានមន្ទីរ អប់រំកាយ និងកីឡាទំាង២៥ ត្រូវមានគោលដៅ ក្នុងការអភិឌ្ឍន៍ ប្រភេទកីឡា ដែលមានសក្តានុពលភាពនៅខេត្តរបស់ខ្លួន ដូចជាខេត្តកំពង់ឆ្នាំសក្តានុពលភាព ផ្នែកកីឡាចំបាប់ត្រូវជំរុញ ប្រភេទកីឡាមានភាពខ្លាំងសម្រាប់ដណ្តើមមេដាយជូនខេត្ត និងខេត្តបាត់ដំបងមាន ក្លិបកីឡាតេក្វាន់ដូ WT ច្រើន ក៏ត្រូវជំរុញប្រភេទកីឡាមានភាពខ្លាំង សម្រាប់ដណ្តើមមេដាយជូនខេត្តដែរ ។
លោករដ្ឋលេខាធិការ នៃក្រសួងអប់រំបានបន្តថា ប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តផ្សេងក៏ត្រូវធ្វើដូចនេះដែរ ដើម្បីអភិឌ្ឍន៍ប្រភេទកីឡាបានឲ្យច្រើន ហើយប្រធានមន្ទីរអប់រំកាយ និងកីឡា និងប្រធានការិយាល័យកីឡាខេត្ត ត្រូវចូលរួមសហការជាមួយសហព័ន្ធកីឡាជាតិ ដែលចង់បង្កើតប្រភេទកីឡា ហើយត្រូវគិតពីប្រយោជន៍រួម ទើបខេត្តនីមួយមានការរីកចម្រើន ផ្នែកធនធានមនុស្ស ក្នុងការដណ្តើមមេដាយជូនខេត្ត៕

Most Popular

To Top