ខេត្តកណ្តាល៖ លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបាល់ទាត់មានសកម្មភាពផុសផលច្រើនជាងគេគួរឲ្យកត់សម្គាល់។ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងសកម្មរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលស្រឡាញ់ និងចូលចិត្តលេងកីឡាផ្ទាល់ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកីឡាក្នុងខេត្តឲ្យមានការរីកចម្រើនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ទ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅច្បាស់លាស់ និងប្រាកដនិយម ។
លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលតំណាងលោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជនបានលើកឡើងក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥។
លោកអនុប្រធានបានបន្តថា យើងឃើញថាក្រុមកីឡាករទាំងអស់បានអនុវត្តតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត និងបានយកស្មារតីសាមគ្គីភាព មិត្តភាព មានសីលធម៌ ល្អ រវាងក្រុមមួយ ទៅក្រុមមួយទៀតធ្វើឲ្យប្រកួតនេះប្រព្រឹត្តទៅប្រកបដោយលទ្ធផល ល្អប្រសើរគួរជាទីមោទនៈ ។ ចំពោះការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំនាពេលនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានគោលបំណងប្រមូលផ្តុំកីឡាករ គ្រប់រូបដើម្បីផ្តល់ឱកាសដល់យុវជនបានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ប្រកបដោយធនធានពិតប្រាកដ។
ទន្ទឹមនេះដែរ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង អង្គភាព ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំនឹងកំពុងចូលរួមចំណែកយ៉ាងសកម្មដើម្បី បំផុសវិស័យកីឡាគ្រប់គ្រឹះស្ថានសិក្សា និងក្លឹបកីឡាតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត ឱ្យមាន សកម្មភាព និងរូបភាពផ្សេងៗទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ ខ្លួន។ ក្នុងន័យនេះដែរ ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំស្នើ ឱ្យក្មួយៗកីឡាករទាំងអស់ត្រូវបន្តសកម្មភាពលេងកីឡាឲ្យគ្រប់ៗគ្នា ស្របតាមពាក្យ ស្លោក “យុវជនម្នាក់ត្រូវលេងកីឡាឱ្យបានមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
លោកបានបញ្ជាក់ថា ននឹងបញ្ចប់ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរចំពោះគណៈកម្មការ បច្ចេកទេសដែលបានចាត់ចែងរៀបចំការប្រកួតនេះ តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ ប្រកបដោយជោគជ័យ និងសូមផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ត្រូវបន្តនាំគ្នាចូលរួម លេងកីឡាឱ្យបានច្រើន ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕
ដោយ៖ លី ភីលីព