ភ្នំពេញ ៖ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានលើកឡើងថា ការប្រកួតភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុង ប្រចាំឆ្នាំ២០២៥ (Aquathlon school championship 2025) មានកីឡាករ-កីឡាការិនីជាតិ-អន្តរជាតិ ចូលរួមប្រកួតជាង ៤១៥ នាក់ ដែលជាចំនួនកើនឡើង ជាង ៥០ភាគរយ កាលពីឆ្នាំ២០២៤ កន្លងទៅ ដែលមានភាពផុសផុលខ្លាំង គួរឱ្យភ្ញាក់ផ្អើល ។
នេះជាការលើកឡើង របស់លោកអគ្គលេខាធិការ ក្រោយបញ្ចប់ការប្រកួត ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុង ប្រចាំឆ្នាំ២០២៥ (Aquathlon school championship 2025)ដោយជោគជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាងហែលទឹក និងទីលានរត់ប្រណាំងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា ការប្រកួត ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុង ប្រចាំឆ្នាំ២០២៥ (Aquathlon school championship 2025) ដែលជាប្រកួតឆ្នាំទី៣ គឺមានភាពខុសគ្នាច្រើន ដោយមានកីឡាករ-កីឡាការិនីគ្រប់វ័យបានចូលរួមប្រកួតប្រជែងកើនឡើងលើសជាង ៥០ភាគរយ ពោលកើនឡើងពី២០០នាក់ដល់ជាង ៤១៥នាក់ នៅក្នុងឆ្នាំ២០២៥នេះ បើប្រៀបធៀបនឹងឆ្នាំ២០២៤កន្លងទៅ។
លោក ងិន សុខបញ្ញា បានបន្ថែមថា ជាមួយនឹងចំនួនកើនឡើងច្រើនលើសពីការរំពឹងទុកនេះ ជាការភ្ញាក់ផ្អើលមួយផងដែរ ដោយមានកីឡាករ កីឡាការិនីខ្មែរមកពីសាលារៀនផ្សេងៗមានចំនួនជាង ១៨០នាក់ ដែលព្រឹត្តិការណ៍ឆ្នាំ២០២៥នេះមានភាពផុសផុលខ្លាំងណាស់។ សហព័ន្ធនឹងបន្តរៀបចំ នៅរៀងរាល់ឆ្នាំ ហើយគ្រោងនឹងពង្រីកព្រឹត្តិការណ៍ នៅរាជធានីភ្នំពេញមួយនេះ ឱ្យកាន់តែធំបន្ថែមទៀត។ បន្ថែមពីលើនេះ សហព័ន្ធក៏គ្រោងនឹងរៀបចំវិញ្ញាសាអាគ័រត្លុងទៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ពោលគឺនឹងរៀបចំ នៅទីតាំប្រកួតណាដែលមានទឹក។
ជាការសង្កេត កាលពីឆ្នាំមុន កីឡាករ កីឡាការិនីវ័យក្មេងៗ ដែលមិនសូវចេះហែលទឹក ឬខ្សោយ លើវិញ្ញាសាហែលទឹក និងការរត់ប្រណាំង របស់ពួកគាត់កាលពីឆ្នាំ២០២៤កន្លងទៅ គឺមានគុណភាពបច្ចេកទេសរបស់ពួកគាត់មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០២៥នេះ។ តាមរយៈការរៀបចំប្រកួតអាគ័រត្លុង ដែលមាន២វិញ្ញាសា បូកបញ្ជូលគ្នា មានហែលទឹក និងរត់ប្រណាំងនេះ ត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយប្រភេទ កីឡាទ្រីយ៉ាត្លុង ដែលក្នុងនេះ អាគ័រត្លុង ស្ថិតក្នុងប្រភេទកីឡាទ្រីយ៉ាត្លុង ។
មានន័យថា ប្រសិនបើយើងអាចលេង ប្រភេទកីឡាទ្រីយ៉ាត្លុងបាន លុះត្រាតែយើងចេះលេងវិញ្ញាសាអាគ័រត្លុងជាមុនសិន ដោយត្រូវចេះហែលទឹក និងរត់សិន ខណៈទ្រីយ៉ាត្លុង មាន៣វិញ្ញាសា បូកបញ្ជូលគ្នា គឺមានហែលទឹក ជិះកង់ និងរត់ប្រណាំង។ ជារួម កីឡាករ កីឡាការិនី ដែលអាចលេងប្រភេទកីឡា ទ្រីយ៉ាត្លុងបាន គឺមានន័យថាជា កីឡាករ កីឡាការិនីដែលខ្លាំងពូកែ បើកាលណាថាមពល កាយសម្បទាខ្សោយមិនអាចលេងប្រភេទ កីឡាទ្រីយ៉ាត្លុងនេះបានឡើយ។
លោក ងិន សុខបញ្ញា បន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍នេះ ជាការជំរុញការ ផ្សព្វផ្សាយកីឡាទ្រីយ៉ាត្លុង គឺជាប្រភេទកីឡាអូឡាំពិក ដល់ប្រជាពលរដ្ឋទាំងអស់ និងបរទេស ដែលបានចូលរួមប្រកួតប្រជែងជាមួយគ្នា បានចូលរួមដកពិសោធបច្ចេកទេសជាមួយគ្នា បង្កើនការរាប់អានគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះការប្រកួតនេះ ត្រូវបានសហព័ន្ធរៀបចំឡើងជាច្រើនវិញ្ញាសា គ្រប់វ័យទាំងអស់ ចាប់តាំងពីវ័យកុមារ ដល់វ័យចាស់ ដើម្បីផ្តល់ឱកាស ដល់អ្នកចូលរួមទាំងអស់ទទួលបានសុខភាពល្អ និងជំរុញដល់ការផ្សព្វផ្សាយ ប្រភេទកីឡាអូឡាំពិកមួយនេះ ឱ្យកាន់តែរីកចម្រើនផងដែរ៕