ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទី៣ ប្រចាំឆ្នាំនេះ នៅទីលានបាល់ទាត់ សិរីរតនៈ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រៀបចំឡើង ក្រោមការសហការ រវាងអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានា រ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដោយមានការចូលរួម ពីកីឡាករ-កីឡាការិនី ៣៦០ នាក់ មកពី ៣០ក្រុម សកម្មភាពនេះ បានបង្ហាញ ឲ្យឃើញពីភាពរីកចម្រើននៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំថ្នាក់មូលដ្ឋានធំ ជាងគេបំផុត នៅកម្ពុជា ។
ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League មិនត្រឹម តែជាការប្រកួត ប្រជែងកីឡាប៉ុណ្ណោះទេ តែវាជាឧបករណ៍ជំរុញ ការអភិវឌ្ឍដោយប្រើប្រាស់កីឡាបាល់ទាត់ ដើម្បីលើកកម្ពស់ការអប់រំដោយគុណភាព និងការរៀនសូត្រជំនាញ បំណិនជីវិតថែមទៀតផង ។ ដោយផ្តោតសំខាន់ ចំពោះកុមារ និងយុវជនជួបប្រទះការលំបាក កម្មវិធីប្រកួតវិលជុំនេះផ្តល់ឱកាសដ៏មានអត្ថន័យដល់កីឡាករ កីឡាការនី វ័យក្មេងទាំងនេះ ឲ្យអាចបង្កើនចំណេះដឹងទាក់ទង នឹងជំនាញបំណិនជីវិត និងយល់ដឹងពីបញ្ហា សង្គមសំខាន់ៗ តាមរយៈការលេងបាល់ទាត់ ។
ដោយឈរលើឆន្ទៈរួមគ្នា ក្រុមហ៊ុន ធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ជាមួយអង្គការផ្កាយសមុទ្រ ផ្តួចផ្តើមការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League ដើម្បីសង្កត់ធ្ងន់លើសារសំខាន់ នៃកីឡាបាល់ទាត់ផ្តល់ជាផលវិជ្ជមាន នៃការធ្វើការជាក្រុម លើកកម្ពស់ការអប់រំដោយគុណភាព ការមានវិន័យ បណ្តុះទម្លាប់លេងកីឡា និងបំណិនជីវិតសំខាន់ៗទៀត ផង ។ ក្រៅពីការហ្វឹកហាត់បាល់ទាត់ អង្គការផ្កាយសមុទ្រក៏បានផ្តល់ការបណ្តុះបណ្តាលអំពីជំនាញបំណិន ជីវិតដល់ក្រុមអត្តពលិក ហើយការបណ្តុះបណ្តាលទាំងនេះគឺផ្តោតលើបញ្ហានានា ដែលជះឥទ្ធិពលដល់សហគមន៍របស់ក្រុមអត្តពលិក ។ គ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្របង្កើត បរិយាកាសកក់ក្តៅ និងសុវត្ថិភាព ដើម្បីរៀនសូត្រ និងពិភាក្សាអំពីបញ្ហាសង្គមគួរឲ្យព្រួយបារម្ភ ដែលកើតឡើងជុំវិញជីវិត កុមារ និងយុវជន ដូចជា៖ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង និង សមភាពយេនឌ័រជាដើម ។
ឆ្នាំ ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានផ្តល់ការគាំទ្រជ្រោមជ្រែង ដល់ការរៀបចំព្រឹត្តការណ៍ប្រកួត បាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើង ។ ក្នុងនាមជាស្ថាប័នគំរូឈានមុខគេក្នុងវិស័យ កីឡា និងអ្នកគាំទ្រយ៉ាងសកម្ម ចំពោះសុខភាព និងសុខុមាលភាព ការគាំទ្រជ្រោមជ្រែងរយៈពេលវែងមួយនេះគឺស្របទៅតាមគោល បំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលជួយប្រជាជនកម្ពុជា ឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន ១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែ ប្រសើរនៅឆ្នាំ ២០៣០ ។ បន្ថែមពីនេះទៅទៀត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះក៏ជាសកម្មភាពមួយរួមចំណែកជម្រុញបន្ថែមលើយុទ្ធនាការ “ជីវិត១ សុខភាព១” ដែលមាន ពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើង ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជារីករាយ និងជីវិតឲ្យកាន់តែប្រសើរ ដោយផ្តោតលើការថែរក្សាសុខភាព ដែលជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត ។
ស្ថាប័នទាំង២នេះបានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែងក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់ សម្រាប់កុមារ និងយុវជនកម្ពុជា ។ ដូច្នេះហើយទើបក្នុងឆ្នាំ២០២៥នេះ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា មានក្តីសោមនស្សរួមគ្នាពង្រីក វិសាលនៃការប្រកួតវិលជុំនេះ ក្នុងខេត្តបីផ្សេងៗគ្នា៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ។ ដោយព្រឹត្តិការណ៍ប្រកួតវិលជុំនៅតាមខេត្តទាំងបីនេះនឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីជាង ១,៨៦០ នាក់ឲ្យចូលរួមប្រកួតប្រជែង ដោយជាមួយគ្នានេះ ជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ពួកគេផង ដែរ ។
លោក Gregory Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្របានសង្កត់ធ្ងន់ថា ការប្រកួតវិលជុំនេះគឺ មានន័យលើសពីការឈ្នះចាញ់ ហើយ អ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺជាការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ការរៀនសូត្រអ្វីថ្មីៗ និងការកសាង មិត្តភាព ។
លោកក៏បានថ្លែងអំណរគុណជ្រាលជ្រៅដល់គ្រូបង្វឹក បុគ្គលិកទទួលខុសត្រូវមើល កុមារ អ្នកបើកបរ និងអ្នកចូលរួមរៀបចំកម្មវិធីទាំងអស់ ដែលដើរតួសំខាន់បំផុតធ្វើឲ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ លោកក៏បានលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឲ្យជម្រុញដល់ប្អូនៗ កីឡាករ-កីឡាការិនីកុំឲ្យមានការភ័យខ្លាចពេលដែលមានកំហុសពេលលេង ហើយត្រូវរៀនសូត្រពីកំហុស ទាំងនោះ ។ បន្ថែមពីនេះទៀត លោកនៅតែបន្តលើកទឹកចិត្តដល់ប្អូនៗទាំងអស់គ្នាឲ្យហ៊ានសាក ល្បងអ្វីដែលថ្មី រៀនសូត្រជំនាញថ្មីៗ និងបន្តរៀនសូត្រដោយកុំភ័យខ្លាចភាពបរាជ័យ ។ ជាចុងក្រោយ លោកបានក្រើនរម្លឹកដល់កីឡាករកីឡាការនីគ្រប់ៗរូបថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះគឺជាឱកាសសម្រាប់ប្អូនៗអាចអភិវឌ្ឍ ពង្រឹងសមត្ថភាពរបស់ខ្លួន និងទទួល យកភាពសប្បាយរីករាយដោយមិនមានសម្ពាធអ្វីទាំងអស់ ។
ការប្រកួតខាងលើ នៅខេត្តបន្ទាយមានជ័យ នឹងប្រព្រឹត្តទៅរយៈពេល ៨ សប្តាហ៍ជាប់គ្នា ដោយមានក្រុមបាល់ទាត់កុមារាកុមារីចូលរួមទៅតាមប្រភេទ អាយុចំនួន៦៖ កុមារីអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១០ឆ្នាំ, កុមារីអាយុ ក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំ ។ ក្រុមឈ្នះក្នុងការប្រកួត ប្រចាំខេត្តនឹងបន្តទៅប្រកួតដណ្តើមយកតំណែងម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដ៏ធំនៅរាជធានីភ្នំពេញខាងមុខនេះ ៕