អេស្ប៉ាញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលអ្នករត់ប្រណាំងជនជាតិអេស្ប៉ាញ និងជាម្តាយដែលមានអាយុ ៣៩ឆ្នាំ អ្នកនាង Estefania Unzu បានបង្កើតប្រវត្តិសាស្ត្រដោយបញ្ចប់ការរត់ម៉ារ៉ាតុងចំនួន៧ ព្រឹត្តិការណ៍ក្នុងចំណោមព្រឹត្តិការណ៍នៅលើទ្វីបចំនួន៧ រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។
ដំណើរដ៏អស្ចារ្យរបស់កំពូលអ្នករត់ប្រណាំងស្រីវ័យ ៣៩ឆ្នាំរូបនេះបានបញ្ចប់ក្នុងទីក្រុង Miami កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលអ្នកនាងប្រើរយៈពេល ៤ ម៉ោង ៣៥ នាទី និង១៥ វិនាទី។ ទោះបីជាអ្នកនាង Unzu បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៃការប្រណាំងចុងក្រោយ (អ្នកនាងបានបញ្ចប់ជាលើកដំបូងក្នុងការរត់ម៉ារ៉ាតុង ៦ លើកមុន) ពីក្រោយអត្តពលិកជប៉ុន Tomomi Bitoh ប៉ុន្តែអ្នកនាងត្រូវជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness ។
ការធ្វើដំណើររបស់អ្នកនាង Unzu រួមបញ្ចូលពេលវេលាបញ្ចប់ដ៏គួរឲ្យចាប់អារម្មណ៍នៅទីតាំងនីមួយៗ៖ប្រើរយៈពេល ៣ ម៉ោង ៣៨ នាទី និង ៥៣ វិនាទីនៅអង់តាក់ទិក។ ប្រើរយៈពេល ៣ ម៉ោង ១០នាទី និង ១៤ វិនាទី នៅ Cape Town, South Africa ហើយប្រើរយៈពេល ៣ម៉ោង ១០នាទី និង ៣០វិនាទី នៅ Perth ប្រទេសអូស្រ្តាលី ។ ប្រើរយៈពេល៣ម៉ោង ៩នាទី និង៤៦ វិនាទីនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ប្រើរយៈពេល ៣ ម៉ោង ១១នាទី និង៣០វិនាទី នៅ Madrid ប្រទេសអេស្ប៉ាញ ប្រើរយៈពេល ៣ម៉ោង ១២ នាទី និង២៨ វិនាទី នៅ Fortaleza ប្រទេសប្រេស៊ីល និប្រើរយៈពេល ង ៣ម៉ោង ៣៥ នាទី និង១៥វិនាទីនៅ Miami អាមេរិក។
បន្ទាប់ពីបញ្ចប់នៅទីក្រុង Miami អ្នកនាង Unzu បានឆ្លុះបញ្ចាំងពីការប្រកួតប្រជែងនេះថា ការប្រណាំងនេះពិតជាស្វិតស្វាញ។ ជ័យជម្នះដ៏ធំបំផុតរបស់ខ្ញុំ គឺបានបញ្ចប់ការប្រណាំងនេះហើយបានយកឈ្នះលើឧបសគ្គរបស់វា។ រាងកាយរបស់ខ្ញុំមានអារម្មណ៍ថាវានឹងផ្ទុះ ហើយខ្ញុំមិនអាចឈប់ក្អួតពេញមួយការប្រកួត។
អ្នកនាង Unzu ជាអ្នករត់ប្រណាំងដែលសម្រេចបាននូវការរត់ម៉ារ៉ាតុងផ្ទាល់ខ្លួនដ៏ល្អបំផុតក្នុងរយៈពេល ២.៤៩ ម៉ោង និងពានរង្វាន់ក្នុងការប្រកួតជើងឯករត់ប្រណាំងចម្ងាយ ១០០ គីឡូម៉ែត្រ Campeona Espana។ អ្នកនាងត្រូវបានគេស្គាល់ក្នុងប្រទេសអេស្ប៉ាញថា ជាអ្នកដ៏ល្បីល្បាញដោយមានអ្នកតាមដានជាង ២ លាននាក់ទាំងនៅលើ YouTube និង Instagram ដោយចែករម្លែកខ្លឹមសារនៃជីវិតប្រចាំថ្ងៃជាមួយស្វាមី និងកូនរបស់នាង។
ការធ្វើដំណើរបំបែកឯតទគ្គកម្មរបស់អ្នក Unzu ឆ្លងកាត់ទ្វីបទាំង៧ បានទាក់ទាញការចាប់អារម្មណ៍ជាសកល មិនត្រឹមតែសម្រាប់សមិទ្ធិផលកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់គោលបំណងរបស់វា គឺការរៃអង្គាសប្រាក់សម្រាប់ក្មេងប្រុសអាយុ ៦ឆ្នាំ Claudia មកពី Barcelona ប្រទេសអេស្ប៉ាញ ដែលទទួលរងពីរោគសញ្ញា Menke-Hennekam ។ មានតែមនុស្ស 81នាក់ប៉ុណ្ណោះនៅលើពិភពលោកដែលមានជំងឺនេះ៕