កីឡា

លោក វ៉ាត់ ចំរើន​ ៖ ទិវារត់ប្រណាំងស្ត្រីថ្ងៃទី៨ ខែមីនា មានគោលបំណង លើកកម្ពស់ ដល់ការចូលរួម របស់ស្ត្រីក្នុងកីឡា និងសុខមាលភាព នៃជីវិតរបស់អ្នករត់ ឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងនាយកប្រតិបត្តិក្រុមហ៊ុន ជាដៃគូនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងស្ត្រី ១០ គីឡូម៉ែត្រ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីលើកកម្ពស់បន្ថែម ដល់ការចូលរួមរបស់ស្ត្រី ក្នុងកីឡា ដើម្បីសុខមាលភាព នៃជីវិតរបស់ពួកគាត់ឲ្យ កាន់តែល្អប្រសើរបន្ថែមទៀត ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំយើងតែងតែរៀបចំទិវារត់ប្រណាំងលើកកម្ពស់ដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា។ NOCC បានគោរពគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិឲ្យជួយក្នុងការរៀបចំទិវាស្ត្រី និងកីឡានេះឲ្យបានច្រើនជាពិសេស គឺការជំរុញឲ្យស្ត្រីចូលរួមក្នុងការដឹកនាំ និងចូលរួមក្នុងសកម្មភាពកីឡា ដូច្នេះគោលការណ៍របស់អូឡាំពិកអន្តរជាតិ ស្របគ្នានឹងការរៀបចំទិវារត់ប្រណាំងស្ត្រី ជារៀងរាល់ឆ្នាំ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសាលារាជធានីភ្នំពេញ សម្រាប់ការផ្តល់ទីតាំងរៀបចំ និងជួយរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពដល់ការរត់ប្រណាំងនេះ។

លោករដ្ឋលេខាធិការ ក្រសួងអប់រំ បានបន្តថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សុណ្ណភូមិ ឡាយហ្វ៍ បានចាប់ដៃគូគ្នា រយៈពេល៣ឆ្នាំមកហើយៗ ត្រូវបានចាត់ទុកថាជាដៃគូល្អ ដោយសហការរៀបចំទទួលបានជោគជ័យ ជាបន្តបន្ទាប់ចំនួន២ឆ្នាំរួចហើយ ខណៈការចូលរួមគាំទ្រក៏បានច្រើនផងដែរ។ ទិវារត់ប្រណាំងស្ត្រី ១០ គីឡូម៉ែត្រនេះ ទទួលបានការចូលរួមគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋ បង្ហាញពីការយកចិត្តទុកដាក់ លើបញ្ហាសុខភាពសាធារណៈ និងសុខភាពផ្ទាល់ខ្លួន របស់ពួកគាត់ ។ ការខិតខំប្រឹងប្រែងរៀបចំទិវារត់ប្រណាំងនេះ គឺគ្មានអ្វីក្រៅពីជួយ ដល់សង្គមជាតិរបស់យើង និងជួយឲ្យមាន គុណភាព ជីវិតកាន់តែប្រសើរឡើងបន្ថែមទៀត។ សកម្មភាពកីឡា ជាពិសេសគឺការរត់ប្រណាំងនេះ ជួយដល់សមត្ថភាព គុណភាពបេះដូងកាន់តែល្អ ដោយអ្នកចូលរួមរត់ប្រណាំងនេះ នឹងទទួលបានអត្ថប្រយោជន៍ សម្រាប់ជីវិតរបស់ពួកគាត់កាន់តែល្អ ។

ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រនឹង ត្រូវប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ នឹងជួយជំរុញបន្ថែមដល់ការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីឲ្យឈរលើស្មារតី ភាពស្មើគ្នា សិទ្ធិសេរីភាព ក្នុងសង្គមជាតិ។ យើងសង្ឃឹមថា សារទាំងអស់នេះ ដែលយើងកំពុងផ្សព្វផ្សាយនេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ស្ត្រីទាំងអស់ ឲ្យមានជំហររឹងមាំមានការជឿជាក់លើខ្លួនឯង និងចូលរួមការងារ ក្នុងសង្គមជាតិកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទិវារត់ប្រណាំងស្ត្រី ថ្ងៃទី០៨ ខែមីនា គឺជាសាររម្លឹកជារៀងរាល់ឆ្នាំ ដើម្បីឲ្យស្មារតីរបស់ស្ត្រីថាមានសិទ្ធិសេរីភាពពេញលេញដូៗគ្នានឹងបុរស។

លោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំង នៅកម្ពុជាគូសបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រីថ្ងៃទី០៨ ខែមីនា មានគោលបំណងធំ ដើម្បីសប្បុរសធម៌ ហើយសុវណ្ណភូមិ ឡាយហ្វ៍ក៏មានគោលការណ៍ ស្របគ្នានឹងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាដែរ គឺការស្វែងរកគុណភាព ជីវិតឲ្យមនុស្សទាំងអស់ ។ ដូច្នេះការជួយឧបត្ថម្ភគាំទ្រ របស់ផ្នែធានារ៉ាប់រង អាយុជីវិតបានជួយឲ្យទិវារត់ប្រណាំងនេះរស់រវើក។ ទិវារត់ប្រណាំងស្ត្រី ចម្ងាយ១០គីឡូម៉ែត្រកំពុងបន្ត បើកទទួលការចុះឈ្មោះ រហូតដល់ការរត់ប្រណាំងនេះ ធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ទីតាំងនៅមុខវត្តបទុមវតី ។ លោក សែម ផល្លា ក៏បានអំពាវនាវ ដល់មហាជនចូលរួមគាំទ្រ ដល់ព្រឹត្តិការណ៍រត់ប្រណាំងនេះឲ្យបានច្រើនកុះករ ដើម្បីស្វែងរកមូលនិធី ជួយដល់សប្បុរសធម៌ ៕

Most Popular

To Top