កីឡា

សហព័ន្ធខ្មែរកីឡា ហែលទឹក ជំរុញការចុះផ្សព្វផ្សាយ និងបំផុសបំផុល វិស័យកីឡាហែលទឹក នៅទូទាំងខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានជួបពិភាក្សាការងារ ជាមួយ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងលោក ប៊ុន បូរ៉ាន់ ប្រធានការិយាល័យអប់រំកាយ និងកីឡា ដើម្បីពិក្សាក្នុងការចុះផ្សព្វផ្សាយ និងជំរុញបំផុសបំផុលវិស័យកីឡាហែលទឹក នៅទូទាំងខេត្តបាត់ដំបង ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា រូបលោកបានជួបជាមួយអាជ្ញាធរ កីឡាខេត្តបាត់ដំបងផ្សព្វផ្សាយ និងជំរុញបំផុសបំផុល វិស័យកីឡាហែលទឹកទូទាំងខេត្ត ជាពិសេសតាមសាលារៀន ស្ថាប័នរដ្ឋ និងឯកជនឲ្យមានសកម្មភាព ប្រកួតកីឡាហែលទឹកនៅខេត្ត និងសកម្មភាពហ្វឹកហាត់ ជំរុញឲ្យមានកីឡាករ-កីឡាការិនីតំណាងខេត្ត កាន់តែច្រើនចូលរួមការប្រកួតថ្នាក់ជាតិ នានានៅភ្នំពេញ។

លោកអគ្គលេខាធិការបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាបានដាក់បញ្ជូលប្រភេទកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សបឋមសិក្សា និងព្រឹត្តិការណ៍ការ ប្រកួតកីឡាមធ្យម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ។ ការប្រកួតកីឡាសិស្សបឋមសិក្សាចាប់ផ្តើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ មាន ១៣ ប្រភេទកីឡា ៦៨ វិញ្ញាសារួម មានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូន ឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាល្បុក្កតោ កីឡាហែលទឹក កីឡាគុនដាវ និងចំបាប់ ។

ចំណែកការប្រកួតកីឡាសិស្សមធ្យមសិក្សាវិញ ចាប់ផ្តើមពីថ្ងៃទី៦ រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ មាន ១៤ ប្រភេទកីឡា ១២៣ វិញ្ញាសារួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាល្បុក្កតោ កីឡាហែលទឹក ការ៉ាតេ វ៉ូវីណាម និងចំបាប់ ៕
ដោយ៖លី ភីលីព

Most Popular

To Top