ភ្នំពេញ៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរ និងក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន តាខ្មៅ ទទួលបានពិន្ទុ ៣ ដូចគ្នាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ នារីជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ក្រោយពីទាំង ២ ក្រុមបានយកឈ្នះលើគូរៀងៗខ្លួននៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតនេះធ្វើឡើង ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស ដែលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល។
![](https://lookingtoday.com/wp-content/uploads/2025/02/290-1024x768.jpg)
សម្រាប់នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាថ្ងៃបើកឆាកដំបូង ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានយកឈ្នះលើក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង ក្នុងលទ្ធផលបច្ចេកទេស ១០ ទល់នឹង ១ នៅពូល A ខណៈក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន តាខ្មៅ បានយកឈ្នះលើក្រុមបាល់ទាត់នារី បក្សីក្រហម ក្នុងលទ្ធផលបច្ចេកទេស ២ ទល់នឹង ០ នៅពូល B ។
![](https://lookingtoday.com/wp-content/uploads/2025/02/291-1024x768.jpg)
ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥នេះ ជាការបណ្តុះស្មារតីដល់កីឡាការិនីខេត្តកណ្តាលឲ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យគុណភាពបច្ចេកទេសរីកចម្រើន ដើម្បីឲ្យក្លាយជាធនធានឆ្នើមៗប្រចាំខេត្ត ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
![](https://lookingtoday.com/wp-content/uploads/2025/02/289-1024x768.jpg)
ការប្រកួតកីឡាបាល់ទាត់ផ្នែគនារីនេះ ត្រូវបានធ្វើឡើងស្របតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីបានដំណើរការប្រកួត និងបានបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ២០២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។
![](https://lookingtoday.com/wp-content/uploads/2025/02/287-1024x768.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/288-1024x768.jpg)
ការហ្វឹកហាត់ក្នុងវិស័យកីឡាប្រៀបបាននឹងការអប់រំរៀនសូត្រតាមសាលារៀនដែរ ដោយថ្នាក់ដឹកនាំ និងគ្រូបង្វឹកតែងតែបណ្តុះការអប់រំ និងបង្វឹកឲ្យកីឡាការិនីឲ្យមានគុណភាពបច្ចេកទេស និងឲ្យក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕
ដោយ៖ លី ភីលីព
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)