កីឡា

លោក ខៀវ ភារិទ្ធ ៖ ក្រុមអត្តពលិកជាង ១០០០នាក់ បានចុះឈ្មោះ ចូលរួមកម្មវិធី រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ ក្រោមប្រធានបទ “មួយជីវិតមិនប្រព្រឹត្តការ សេពគ្រឿងញៀន” នៅខេត្តកែប

ភ្នំពេញ ៖ លោក ខៀវ ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ បានមានប្រសាសន៍ តាមអនឡាញឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នករត់ជាង ១០០០នាក់ បានចុះឈ្មោះចូលរួមកម្មវិធី រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ក្រោមប្រធានបទ “មួយជីវិតមិនប្រព្រឹត្តការណ៍ សេពគ្រឿងញៀន” នៅខេត្តកែប ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ ខែមីនា ខួបលើកទី១១៤ និងកៀរគរប្រមូល ថវិកាទៅជួយជន ងាយរងគ្រោះ មន្ទីរពេទ្យ កុមារកំព្រាតាមលទ្ធភាពដែលទទួលបាន ។

លោក ខៀវ ភារិទ្ធ បានបន្តថា រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ក្រោមប្រធានបទ “មួយជីវិតមិនប្រព្រឹត្តការណ៍ សេពគ្រឿងញៀន” នៅខេត្តកែប យើងមានគោល បំណងចំនួន ៥ ចំណុចធំរួមមាន ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លើកកម្ពស់កីឡា និងសុខភាព ផ្សារភ្ជាប់ជាមួយមហាជនគ្រប់ស្រទាប់វណ្ណៈ និងមជ្ឈដ្ឋាន លើកកម្ពស់ និង ផ្សព្វផ្សាយវិស័យទេសចរណ៍ ទូទំាងខេត្តកែប និងកៀរគរមូលនិធិជួយ ដល់ប្រជាជនងាយ រងគ្រោះ ។ ក្រោយទទួលបានសេក្តីទុកចិត្ត ពីសំណាក់លោក ហ៊ុន ម៉ានី និងលោក ស សុខា និងតាមរយៈការសិក្សា ស្វែងនៅ ពេលចុះមូលដ្ឋានម្តងៗ បានមើលឃើញ ពីបញ្ហាប្រឈមរបស់សង្គម និងទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលខ្វះខាត ឬជន ងាយរងគ្រោះ ទើបខ្ញុំអាចស្វែងយល់កាន់តែច្បាស់ ហើយយល់ពីវត្ថុបំណងថា តើខ្ញុំអាចជួយសង្គមខ្ញុំដោយ របៀបណា ជាជាងធ្វើជាអម្រែកដល់សង្គមរបស់ខ្ញុំវិញ ។

លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបន្ថែមថា រត់ប្រណាំងនេះកំពុងទទួលបានការ ចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋ បង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ និងសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់។ ការខិតខំប្រឹងប្រែងរៀបចំរត់ប្រណាំងនេះ គ្មានអ្វីក្រៅពីជួយដល់ សង្គមជាតិរបស់យើង និងជួយឲ្យមានគុណភាពជីវិត កាន់តែប្រសើរឡើងបន្ថែមទៀត។ សកម្មភាពកីឡា ជាពិសេសគឺការរត់ប្រណាំងនេះ ជួយដល់សមត្ថភាព គុណភាពបេះដូងកាន់តែល្អ ដោយអ្នកចូលរួមរត់ប្រណាំងនេះ នឹងទទួលបានអត្ថប្រយោជន៍ សម្រាប់ជីវិត របស់ពួកគាត់កាន់តែល្អ។

ប្រធានក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃបានបញ្ជាក់ថា ការចូលរួមសហការផ្សព្វផ្សាយរបស់បងប្អូន ជាចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សង្គមយើងក្នុងការជំរុញវិស័យកីឡា លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងទេសចរណ៍របស់យើងឲ្យកាន់តែរីកចម្រើនឡើង ព្រោះអ្វីដែល ជាគោលបំណងសំខាន់ នៃការរៀបចំកម្មវិធីរត់ពាក់ កណ្តាលម៉ារ៉ាតុង នៅខេត្តកែប នាថ្ងៃទី៨ មីនា ឆ្នាំ២០២៥ ខាងមុខនេះ គឺដើម្បីកៀរគរប្រមូលថវិកា តាមរយៈការចុះ ឈ្មោះរត់ម៉ារ៉ាតុង យកទៅ ជួយជន ងាយរងគ្រោះ មន្ទីរពេទ្យ កុមារកំព្រាតាមលទ្ធភាព ដែលទទួលបាន៕

Most Popular

To Top