ភ្នំពេញ៖ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ នារីជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹង នៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតនេះធ្វើឡើង ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស ដែលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល។
![](https://lookingtoday.com/wp-content/uploads/2025/02/317-1024x681.jpg)
សម្រាប់នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានយកឈ្នះលើក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹង ក្នុងលទ្ធផលបច្ចេកទេស ៩ ទល់នឹង ០ នៅពូល A ហើយជ័យជម្នះនេះធ្វើឲ្យក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹងប្រជែងជាមួយក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង ដើម្បីដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
![](https://lookingtoday.com/wp-content/uploads/2025/02/318-1024x684.jpg)
រីឯក្រុមបាល់ទាត់នារី ស្អាងយើងស្អាត បានយកឈ្នះលើក្រុមបាល់ទាត់នារី បក្សីក្រហម ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង ០ នៅពូល B ដូច្នេះក្រុមបាល់ទាត់នារី បក្សីក្រហមត្រូវធ្លាក់ចេញពីការប្រកួត ដោយសារក្រុមនេះបានចាញ់ ២ ប្រកួតរួចហើយ។ កាលថ្ងៃទី១២ ក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន តាខ្មៅ បានយកឈ្នះលើក្រុមបាល់ទាត់នារី បក្សីក្រហម ក្នុងលទ្ធផលបច្ចេកទេស ២ ទល់នឹង ០ ។
![](https://lookingtoday.com/wp-content/uploads/2025/02/319-1024x682.jpg)
ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥នេះ ជាការបណ្តុះស្មារតីដល់កីឡាការិនីខេត្តកណ្តាលឲ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យគុណភាពបច្ចេកទេសរីកចម្រើន ដើម្បីឲ្យក្លាយជាធនធានឆ្នើមៗប្រចាំខេត្ត ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
![](https://lookingtoday.com/wp-content/uploads/2025/02/3320-1024x682.jpg)
ការប្រកួតកីឡាបាល់ទាត់ផ្នែគនារីនេះ ត្រូវបានធ្វើឡើងស្របតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីបានដំណើរការប្រកួត និងបានបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ឆ្នាំ ប្រចាំឆ្នាំ២០២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។
![](https://lookingtoday.com/wp-content/uploads/2025/02/322-1024x684.jpg)
ការហ្វឹកហាត់ក្នុងវិស័យកីឡាប្រៀបបាននឹងការអប់រំរៀនសូត្រតាមសាលារៀនដែរ ដោយថ្នាក់ដឹកនាំ និងគ្រូបង្វឹកតែងតែបណ្តុះការអប់រំ និងបង្វឹកឲ្យកីឡាការិនីឲ្យមានគុណភាពបច្ចេកទេស និងឲ្យក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕
ដោយ៖ លី ភីលីព
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)