កីឡា

រកឃើញក្រុមជើងខ្លាំង ៤ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់នារីជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារីជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ រកឃើញក្រុមជើងខ្លាំង ៤ ត្រូវបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស ដែលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល។

ចំពោះក្រុមជើងខ្លាំង ៤ រួមមានក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរ ក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង ក្រុមបាល់ទាត់នារី ស្អាងយើងស្អាត និងក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន តាខ្មៅ ដោយឡែកក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹង និងក្រុមបាល់ទាត់នារី បក្សីក្រហមហាលអាវទំាង ២ ក្រុម។

សម្រាប់នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹងបានប្រកួតចាញ់ក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង ក្នុងលទ្ធផលបច្ចេកទេស ០ ទល់នឹង ៥ ហើយជ័យជម្នះរបស់ក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង បានផ្តល់ឱកាសឲ្យក្រុមនេះដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹង ធ្លាក់ចេញពីការប្រកួតក្នុងពូល A។ រីឯពូល B ក្រុមបាល់ទាត់នារី ស្អាងយើងស្អាត បានត្រឹមស្មើនឹងក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន តាខ្មៅ ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ៣ ដូច្នេះទាំង ២ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥នេះ ជាការបណ្តុះស្មារតីដល់កីឡាការិនីខេត្តកណ្តាលឲ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យគុណភាពបច្ចេកទេសរីកចម្រើន ដើម្បីឲ្យក្លាយជាធនធានឆ្នើមៗប្រចាំខេត្ត ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

ការប្រកួតកីឡាបាល់ទាត់ផ្នែគនារីនេះ ត្រូវបានធ្វើឡើងស្របតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីបានដំណើរការប្រកួត និងបានបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ២០២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។
ការហ្វឹកហាត់ក្នុងវិស័យកីឡាប្រៀបបាននឹងការអប់រំរៀនសូត្រតាមសាលារៀនដែរ ដោយថ្នាក់ដឹកនាំ និងគ្រូបង្វឹកតែងតែបណ្តុះការអប់រំ និងបង្វឹកឲ្យកីឡាការិនីឲ្យមានគុណភាពបច្ចេកទេស និងឲ្យក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕

ដោយ៖ លី ភីលីព

Most Popular

To Top