ភ្នំពេញ៖ ក្រុមបាល់ទាត់នារី ស្អាងយើងស្អាត និងក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារីជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស ដែលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល។

នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានយកឈ្នះលើក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន តាខ្មៅ ដោយបច្ចេកទេស ៦ទល់នឹង០ ខណៈក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង បានចាញ់ ក្រោមថ្វីជើងក្រុមបាល់ទាត់នារី ស្អាងយើងស្អាត ដោយបច្ចេកទេស ១ទល់នឹង០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូចនេះក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរ និងក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង ឡើងវគ្គផ្តាច់ព្រ័ត្រ។

រីឯក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង និងក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន តាខ្មៅចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នាត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ។ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរ ប៉ះជាមួយក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង ដណ្តើមជើងឯកវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥នេះ ជាការបណ្តុះស្មារតីដល់កីឡាការិនីខេត្តកណ្តាលឲ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យគុណភាពបច្ចេកទេសរីកចម្រើន ដើម្បីឲ្យក្លាយជាធនធានឆ្នើមៗប្រចាំខេត្ត ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

ការប្រកួតកីឡាបាល់ទាត់ផ្នែគនារីនេះ ត្រូវបានធ្វើឡើងស្របតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីបានដំណើរការប្រកួត និងបានបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ២០២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។
ការហ្វឹកហាត់ក្នុងវិស័យកីឡាប្រៀបបាននឹងការអប់រំរៀនសូត្រតាមសាលារៀនដែរ ដោយថ្នាក់ដឹកនាំ និងគ្រូបង្វឹកតែងតែបណ្តុះការអប់រំ និងបង្វឹកឲ្យកីឡាការិនីឲ្យមានគុណភាពបច្ចេកទេស និងឲ្យក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕
ដោយ៖ លី ភីលីព
