កីឡា

លោក ប៉ុន សុខ ៖ ជើងឯកថ្នាក់ជាតិ ប្រដាល់គុនខ្មែរ ជាបុព្វសិទ្ធិស្របច្បាប់ ផ្តាច់មុខ របស់សហព័ន្ធ ប្រដាល់គុនខ្មែរ ក្នុងការរៀបចំរៀងរាល់ឆ្នាំ

ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកកីឡា ក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលបើកជាផ្លូវការ កាលពីយប់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញពីសន្ទុះចូលរួមយ៉ាងផុសផុល ពីគ្រប់មជ្ឈដ្ឋាន គាំទ្រកីឡាអត្តសញ្ញាណជាតិ របស់យើង ដែលកំពុងមានប្រជាប្រិយភាព និងរីកចម្រើនគួរជាទីមោទននាពេលបច្ចុប្បន្ន និងជាបុព្វសិទ្ធស្របច្បាប់ ផ្តាច់មុខរបស់សហព័ន្ធ ក្នុងការរៀបចំព្រឹត្តការណ៍ ប្រកួតបែបនេះរៀងរាល់ឆ្នាំ។

ថ្លែងក្នុងពិធីបើកជាផ្លូវការ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាយកកីឡាគូសបញ្ជាក់ថា តាមរយៈកិច្ចគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការជួយឧបត្ថម្ភធំ បានរៀបចំឱ្យមាន ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ គឺជាការបោះជំហានថ្មីមួយទៀត ផ្តល់ឱកាសឱ្យគ្រប់សមាគម ក្លឹបទូទំាងប្រទេស អាចបញ្ជូនយុវកីឡាថ្នាល ចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ធំៗ ដែលនេះគឺជាយុទ្ធនាការ កសាងធនធានមនុស្ស នៅកម្រិតមូលដ្ឋាន ដើម្បីបន្តនិរន្តរភាព និងរក្សាបានគុណផលកីឡា ធ្វើឱ្យប្រដាល់គុនខ្មែរ នៅតែជាកីឡាសក្តានុពល និងឈានមុខនៅកម្ពុជា ក្នុងការប្រកួតកម្រិតអន្តរជាតិ ។

លោក ប៉ុន សុខ បានលើកឡើងទៀតថា ជាការពិត ការប្រកួតនេះ ផ្អែកតាមបេសកកម្ម និងផែនការសកម្មភាពរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីបំផុសគំនិតយុវជន មហាជន សិស្សានុសិស្សឱ្យស្រឡាញ់ ចូលចិត្ត និងលេងកីឡាប្រដាល់ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ស្របតាមយុទ្ធនាការអប់រំ “ប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត” និងបានផ្តល់លទ្ធភាពឱ្យអត្តពលិកប្រដាល់គុនខ្មែរវ័យក្មេង បានបញ្ចេញទេពកោសល្យ ពង្រឹងបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមក ធ្វើយ៉ាងណាសំដៅឱ្យការប្រកួតប្រជែងឈរលើស្មារតីកីឡា គោរពវិន័យ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ល្អ ដោយយើងចាប់ផ្តើមពីកម្រិតថ្នាល់នេះផ្ទាល់តែម្តង។ ជាងនេះទៀត ការរៀបចំព្រឹត្តិការណ៍ប្រកួតនាពេលនេះ គឺជាការអនុវត្តផែនការ សកម្មភាព នៃផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ ក្នុងការត្រៀមខ្លួន ចូលរួមប្រកួតព្រឹត្តិការណ៍ អន្តរជាតិនានា ទាំងក្នុងប្រទេស និងជុំវិញពិភពលោក។

ជាមួយគ្នានេះ លោកអគ្គនាយកកីឡាក៏បានផ្តាំផ្ញើ ដល់គណៈកម្មការរៀបចំការប្រកួត ដែលមានមន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធ យកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យដំណើរការប្រកួតប្រព្រឹត្តទៅដោយរលូន មានតម្លាភាព យុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ដោយឡែក តំណាង ប្រតិភូសមាគម គ្រូបង្វឹក ត្រូវអនុវត្តបទបញ្ជាការប្រកួត ជៀសវាងនូវបាតុភាពអសកម្មនិងបង្កើតទម្លាប់មិនល្អ ដែលជាគម្រូអាក្រក់ ដល់យុវកីឡាករយើង ។ បន្ថែមពីលើនេះ លោក ប៉ុន សុខ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលតែងគាំទ្រ រាល់គ្រប់សកម្មភាព ក្នុងការដឹកនាំ អភិរក្ស និងអភិវឌ្ឍន៍កីឡាប្រដាល់ គុនខ្មែររហូតមក ៕

Most Popular

To Top