កីឡា

ក្រុមសាលារៀនបញ្ញាវន្តខ្មែរ គ្រងតំណែងជើងឯកនៃការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរ បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់នារី ស្អាងយើងស្អាតនៅវគ្គពាក់ផ្តាច់ព្រ័ត្រ ដែលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់នារីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល និងដឹកនាំក្រុមទំាង៦ ។

ចំពោះការប្រកួតវគ្គពាក់ផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានយកឈ្នះលើក្រុមបាល់ទាត់នារី ស្អាងយើងស្អាត ដោយបច្ចេកទេស ៤ទល់នឹង១ ធ្វើឲ្យក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរគ្រងតំណែងជើងឯក ខណៈក្រុមបាល់ទាត់នារី ស្អាងយើងស្អាតបានត្រឹមគ្រងតំណែងជើងឯករង ។

ក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាងបានយកឈ្នះលើក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន តាខ្មៅ ដោយបច្ចេកទេស ៣ ទល់នឹង១ ឡើងវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ស្អាង ជាប់ចំណាត់ថ្នាក់លេខ ៣ រីឯវិទ្យាល័យហ៊ុន សែន តាខ្មៅ ទទួលបានរង្វាន់លើកទឹកចិត្ត។

លោក ចេង សំអ៊ុល បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥នេះ ជាការបណ្តុះស្មារតីដល់កីឡាការិនីខេត្តកណ្តាលឲ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យគុណភាពបច្ចេកទេសរីកចម្រើន ដើម្បីឲ្យក្លាយជាធនធានឆ្នើមៗប្រចាំខេត្ត ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

ការប្រកួតកីឡាបាល់ទាត់ផ្នែគនារីនេះ ត្រូវបានធ្វើឡើងស្របតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីបានដំណើរការប្រកួត និងបានបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ២០២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។

ការហ្វឹកហាត់ក្នុងវិស័យកីឡាប្រៀបបាននឹងការអប់រំរៀនសូត្រតាមសាលារៀនដែរ ដោយថ្នាក់ដឹកនាំ និងគ្រូបង្វឹកតែងតែបណ្តុះការអប់រំ និងបង្វឹកឲ្យកីឡាការិនីឲ្យមានគុណភាពបច្ចេកទេស និងឲ្យក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕

ដោយ៖ លី ភីលីព

Most Popular

To Top