កីឡា

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ការបរិច្ចាគឈាមស្ម័គ្រចិត្តទទួលបាន ១២៥៧ សាក់ក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត»

ភ្នំពេញ៖ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានបង្ហាញក្តីរីករាយ ដែលលោកបានចូលរួមបរិច្ចាគឈាមជាមួយមហាជនក្នុងកម្មវិធីបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» បានមានប្រសាសន៍ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់បងប្អូនទទួលបាន ១២៥៧សាក់ ខណៈគោលដៅ គឺយើងចង់បាន ១០០០សាក់ ក្នុងជំហានដំបូងនេះ។


នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌រវាងក្រុមបាល់ទាត់ពិធីករកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ បានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។


លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការប្រកួតបាល់ទាត់សប្បុរសធម៌ផ្តោតសំខាន់លើការអំពាវនាវដល់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ពិតជាមានសារសំខាន់ ដែលយើងបានដាក់គោលដៅឲ្យបាន ១០០០សាក់ ប៉ុន្តែការបរិច្ចាគនេះបានកើនឡើងច្រើន ចំនួន ១២៥៧សាក់ (ទូរលេខបណ្តោះអាសន្ន)។ លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់បងប្អូនមហាជនទាំងអស់ បូករួមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាពិតជាមានតម្លៃធំធេងណាស់ ក្នុងការចូលរួមជួយសង្គ្រោះអាយុជីវិត ដែលត្រូវការឈាម។ ឆ្លងកាត់តាមការពិភាក្សារបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបចំជាប្រចាំ ដោយផ្តោតអារម្មណ៍លើការងារសប្បុរសធម៌ក្នុងការផ្តល់ឈាមដែលជាការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរាជរដ្ឋាភិបាលកម្ពុជា។


លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាម បានគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះ គឺជាការរៀបចំឡើងដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងគោលបំណងបង្កើតទម្លាប់នៃវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ជាពិសេសផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។


ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្រោមប្រធានបទ «យើងចូលរួមបរិច្ចាគឈាម ១០០០សាក់ ដើម្បីសង្គ្រោះជីវិត» ត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងចែករំលែកក្ដីស្រលាញ់ ជំរុញ និងបង្កើតទម្លាប់ល្អ សម្រាប់កីឡាករ និងប្រជាជនទូទាំងប្រទេស ក្នុងការចូលរួមបរិច្ចាគឈាម ដើម្បីធានាឲ្យការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលត្រូវការឈមគ្រប់មន្ទីរពេទ្យ ដោយគ្មានការរើសអើង ឬប្រកាន់ពូជន៍សាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។


លោក ស៊ីថូ ណាថាន់ ប្រធានក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានរំលិចថា ការចូលរួមបច្ចាគឈាមពីសប្បរសជនពិតណាស់ គឺបានរួមចំណែកជួយទៅក្នុងសង្គម ព្រោះឈាមដែលយើងទាំងអស់គ្នាបរិច្ចាគនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានយកទៅជួយសង្រ្គោះអាយុជីវិតដល់អ្នកដែលត្រូវការឈាម។


លោក វេជ្ជបណ្ឌិត សុខប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានពន្យល់អំពីសារសំខាន់នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ គឺបានចូលរួមសកម្មភាពសប្បុរសធម៌ជួយដល់សង្គម និងជួយឲ្យយើងបានផ្លាសប្តូរឈាមកោសិកាថ្មី ជួយបង្កាជំងឺជាច្រើន ជាពិសេស គឺហនិភ័យពីជំងឺមហារីកផងដែរ។


លោកវេជ្ជបណ្ឌិត សុខប៉ូ បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងមន្រ្តីរាជការក្នុងរាជធានីភ្នំពេញបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ចាប់ពី៧ព្រឹកដល់ម៉ោង៧:៣០នាទីល្ងាច ហើយទទួលបាន ១២៥៧សាក់ ក្នុងនោះទទួលបានឈាម O ចំនួន ៥៦០សាក់ ក្រុមឈាម A ចំនួន ៣៣៤សាក់ ក្រុមឈាម B ចំនួន២៤០សាក់ និងឈាមAB ចំនួន១២៣សាក់។ លោកវេជ្ជបណ្ឌិតបានអះអាងថា ការបរិច្ចាគឈាមរបស់បុរស និងនារីមិនមានផលប៉ះពាល់សុខភាពនោះទេ ពោលបើយើងមិនបរិច្ចាគ ក៏កោសិកាឈាមក្រហមរស់បានតែ ១២០ថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទាត់ រវាងក្រុមពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៤ទល់៤៕

ដោយ៖លី ភីលីព

Most Popular

To Top