ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ ស៊ី អា ឌី និងក្រុមបាល់ទាត់វ័យចាស់ស្តាតអូឡាំពិកទទួលបាន ៣ ពិន្ទុដូចគ្នាព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K ដោយមានក្រុមបាល់ទាត់វ័យចាស់ជើងខ្លាំង ៨ ក្រុមចូលរួមនៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ក្រុមបាល់ទាត់វ័យចាស់ជើងខ្លាំង ៨ ក្រុម។

លោក សឿន មុនីរ័ត្ន អ្នកសម្របសម្រួលការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K បាននិយាយថា ពានរង្វាន់ K កើតឡើងគំនិតផ្តួចផ្តើមពីសំណាក់ក្រុមបាល់ទាត់វ័យចាស់ជើងខ្លាំង ៨ ក្រុម សុទ្ធតែជាក្រុមតែម្តងធ្លាប់ធ្វើការប្រកួតដើម្បីសុខភាពជាមួយគ្នារាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចំណែកគណៈកម្មការវិញ ទាំង ៨ ក្រុមជាគណៈកម្មការដោយពិនិត្យមើលកីឡាករតាមលក្ខខណ្ឌការប្រកួត រីឯលោកអ្នកសម្របសម្រួលការប្រកួតទាំងឯកសារ ការប្រកួតលើកទីលាន និងការងារផ្សេងក្នុងការប្រកួតបានល្អប្រសើរ។

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ការប្រកួតពូល B ក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ប្រកួតចាញ់ក្រុមបាល់ទាត់វ័យចាស់ ស៊ីអាយឌី ក្នុងបច្ចេកទេស ២ ទល់នឹង ៥ និងក្រុមបាល់ទាត់វ័យចាស់ស្តាតអូឡាំពិកបានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ R2N (អធូអ៊ិន) ក្នុងបច្ចេកទេស ៤ ទល់នឹង ៣ នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង។ សម្រាប់ការប្រកួត ពូល A ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញប្រកួតជាមួយក្រុមបាល់ទាត់វ័យចាស់ ហាន់ណា និងក្រុមបាល់ទាត់វ័យចាស់ K8 ប៉ះនឹងក្រុមបាល់ទាត់វ័យចាស់ អាយ ស៊ី អាយ នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង នៅវេលាម៉ោង២រសៀលតទៅ។


ការប្រកួតខាងលើនេះបានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ ហាន់ណា និងក្រុមបាល់ទាត់វ័យចាស់ អាយ ស៊ី អាយ រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ ស៊ី អា ឌី ក្រុមបាល់ទាត់វ័យចាស់ R2N (អធូអ៊ិន) និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ៕
ដោយ៖ លី ភីលីព
