ភ្នំពេញ ៖ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិ នៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួល ការងារជាមួយភាគីថៃ លោក ខូវ ឆាយ ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មានស្ដីពី “ព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ” ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។

លោក ខូវ ឆាយ បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់មិត្តភាព កម្ពុជា-ថៃ ដើម្បីអបអរសាទរ ក្នុងឱកាសគម្រប់ខួបលើកទី ៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ មិនា ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ក្នុងនោះក្រុមបាល់ទាត់គុនខ្មែរ ជាមួយក្រុមបាល់ទាត់មួយថៃ និងមួយទៀត គឺក្រុមបាល់ទាត់តារា កម្ពុជា ប្រកួត ក្រុមបាល់ទាត់តារាថៃ ។

ការប្រកួតខាងលើកនេះ ដោយមានការចូលរួមសំណាក់ ពីក្រុមតារាល្បីៗរួមមាន តារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber Vlogger តារា TikTok នៃប្រទេសកម្ពុជា និងថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ កីឡាករប្រដាល់មួយថៃ នឹងធ្វើការប្រកួតបាល់ទាត់ នៅលើវាលស្មៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដើម្បីបង្ហាញពីវប្បធម៌ កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និង ទំនាក់ទំនងការទូត ល្អរវាងប្រទេសទាំង២ និងវប្បធម៌ នៃការរស់នៅប្រកប ដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌ នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិ នៃសហគមន៍អាស៊ានតែមួយ ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតខាងលើកនេះជាព្រឹត្តិការណ៍ ដែលមានគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឲ្យមានសន្តិភាព នៅតាមព្រំដែនកម្ពុជា-ថៃ ។ ព្រឹត្តិការណ៍នេះ ក៏នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន ហើយទូរទស្សន៍របស់ថៃ ក៏បានសុំកាច់ផ្សាយផ្ទាល់ ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋថៃ បានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជា ដែរ។

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជា ចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗ និងកីឡាករល្បីៗរបស់ថៃមានចំនួន ៥០ នាក់។ គោលបំណងរបស់យើង គឺចង់ឲ្យប្រទេសយើងទាំង២ មានសន្តិភាពជាមួយគ្នារហូតតទៅ។ មុនការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់ អំពីបំណងនៃការបង្កើតឲ្យមានព្រឹត្តិការណ៍នេះ ដើម្បីឲ្យពួកគាត់បានយល់ជ្រួតជ្រាបនោះ គឺជាការប្រកួតមិត្តភាព រិតចំណងមិត្តភាព នៃប្រទេសទាំង២៕




