កីឡា

លោក ដួង មាសចំរើន បានអំពាវនាវ ឲ្យបង្កើតឲ្យមាន ព្រឹត្តិការណ៍ កីឡាគ្រប់ស្ថាប័ន ដើម្បីបណ្តុះធនធាន សម្រាប់ជម្រើសជាតិ

ភ្នំពេញ ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានអំពាវនាវឲ្យគ្រប់ស្ថាប័នទាំងអស់ ចូលរួមបង្កើត ឲ្យមានព្រឹត្តិការណ៍ ប្រកួតកីឡាអត្តពលកម្ម នៅតាមស្ថាប័នរបស់ខ្លួន បានរៀងរាល់ឆ្នាំ ដូចទៅនឹងវិទ្យាស្ថានខេមអេដ ដែរ ដើម្បីរួមចំណែកបំផុតចលនាកីឡា ជាពិសេសបណ្តុះធនធាន អត្តពលិក ឲ្យបានកាន់តែច្រើន សម្រាប់បន្តវេន ក្នុងក្រុមជម្រើសជាតិ ។

លោក ដួង មាសចំរើន បានមើលឃើញថា សម្ទុះនៃការចូលរួម របស់ក្រុមនិស្សិត ក្នុងការប្រកួតជើងឯកកីឡា អត្តពលកម្មវិទ្យាស្ថាន ខេមអេដ ប្រចាំឆ្នាំ២០២៥ ដធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃអាទិត្យ មានការកើន ឡើងខ្លាំង ហើយនេះជាចលនាយ៉ាងសំខាន់មួយ ក្នុងការបំផុសសកម្មភាព លេងកីឡា នៅតាមសាកលវិទ្យា ដើម្បីបណ្តុះបានធនធានអត្តពលិក មានសមត្ថភាព សម្រាប់ចូលរួមហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ។

លោកអគ្គនាយករងបានបន្ថែមថា វិទ្យាស្ថានខេមអេដ បានរៀបចំការប្រកួតជើងឯក កីឡាអត្តពលកម្ម បែបនេះជារាល់ឆ្នាំ តែឆ្នាំនេះមានក្រុមនិស្សិតចូលរួមកាន់តែច្រើន ហើយចំនួនចូលរួមច្រើននេះ វាអាចរកធនធានកីឡាករ-កីឡាការិនី សម្រាប់ប្រកួតតំណាង ឲ្យសាលារបស់គាត់ផង ក៏ដូចជាបណ្តុះធនធាន សម្រាប់ក្រុមជម្រើសជាតិ របស់យើងផងដែរ។ សហព័ន្ធតែងតែបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ក្នុងការជំរុញ ឱ្យគ្រប់ស្ថានប័នទាំងអស់ ចូលរួមលេងកីឡា តាមរយៈការបង្កើតឱ្យមានព្រឹត្តិការណ៍ ប្រកួតកីឡាអត្តពលកម្ម នៅតាមស្ថាប័នរបស់ខ្លួន ។

លោកបញ្ជាក់ថា មិនមែនតែតាមសាលានោះទេ ដែលសហព័ន្ធ បានស្នើឱ្យមានរៀបចំព្រឹត្តិការណ៍កីឡាអត្តពលកម្ម គឺគ្រប់ក្រសួង និង ស្ថាប័នទាំងអស់ ក៏ត្រូវចូលរួមលេងកីឡាដែរ ដើម្បីសុខភាពរបស់ពួកគាត់ ហើយបើគាត់ចូលរួម លេងហើយ អាចលេងទៅមុខទៀតបាន គឺគាត់អាចចាប់យកជំនាញ កីឡានេះបាន ដើម្បីចូលរួមប្រកួតកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ។

សម្រាប់ការប្រកួតជើងឯកកីឡា អត្តពលកម្មវិទ្យាស្ថានខេមអេដ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ពេញមួយព្រឹក កាលពីថ្ងៃអាទិត្យនោះ មាននិស្សិតចូលរួម រហូតដល់៣៥៣នាក់ ដែលភាគច្រើនជាស្រ្តី ហើយនេះជាចំនួនដ៏ច្រើន មិនធ្លាប់មាន ដែលកើតចេញពីការកៀរគររបស់លោក Casey Barnett ព្រោះនាយកវិទ្យាស្ថានខេមអេដរូបនេះ មើលឃើញថា ការលេងកីឡាបានផ្តល់អត្ថប្រយោជន៍ជោគជ័យសម្រាប់ក្រុមនិស្សិត ពេលពួកគេបញ្ចប់ការសិក្សា ចេញទៅបើកអាជីវកម្ម ឬទៅធ្វើការងារអ្វីមួយ ។

តាមរយៈការរៀបចំឲ្យមានការប្រកួតកីឡា អត្តពលកម្ម ជារៀលរាល់ឆ្នាំនេះ វាក៏បានបង្ហាញ ឱ្យឃើញពីការវិវឌ្ឍន៍ មួយជំហានទៀតរបស់វិទ្យាស្ថានខេមអេដ ដើម្បីសម្រិតសម្រាំង យកអត្តពលិកឆ្នើមៗ សម្រាប់ប្រកួតតំណាងឱ្យសាលា ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ឬការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈការប្រកួតកន្លងមកនេះ ខេមអេដ តែងតែមានភាពលេចធ្លោ ក្នុងការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅក្នុងតួលេខខ្ពស់មួយ ។

លោកបានថ្លែងថា ខ្ញុំសូមអបអរសាទរ ទៅដល់វិទ្យាស្ថានខេមអេដ បានរៀបចំការ ប្រកួតជើងឯកកីឡា អត្តពលកម្មប្រចាំលាសា កាន់តែផុសផុល ហើយខ្ញុំសង្ឃឹមថា សាលាដទៃទៀត នឹងរៀបចំឱ្យមានការប្រកួត ជ្រើសរើសជើងប្រចាំសាលា ដូចវិទ្យាស្ថានខេមអេដដែរ ដើម្បីត្រៀមចូលរួមការប្រកួតឧត្តមសិក្សា និងមធ្យមសិក្សារបស់យើង ឱ្យកាន់តែមានភាពផុសផុល នៅឆ្នាំនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top