ភ្នំពេញ ៖ លោក ឈុន ចាន់ធូ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និង ស្ថិតិកីឡា និងាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ ទិន្នន័យ និងស្ថិតិកីឡា” ដែលរៀបចំឡើង ដោយប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ក្នុងពហុកីឡដ្ឋានជាតិ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងជាប្រធានគណៈគ្រប់គ្រង វគ្គការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការ ស្រង់ទិន្នន័យ និង ស្ថិតិកីឡាបាននិយាយថា វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា” ប្រព្រត្តិទៅ មានរយៈពេល ០៥ថ្ងៃ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមមានចំនួន ៦០នាក់ (ស្រី០៩នាក់) ។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីស្វែងយល់ពីមូលដ្ឋាន គ្រិះនៃទិន្នន័យ ស្វែងយល់ពីការកំណត់ប្រភេទ ទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និងការសរសេរកម្រង សំណួរ សម្រាប់ការចុះស្រង់ស្ថិតិ សិក្សាមូលដ្ឋានគ្រឹះអំពីការបង្កើតឧបករណ៍ ស្រង់ទិន្នន័យ ស្វែងយល់ពីបរិបទ ក្នុងការធ្វើការងារ ដោយប្រើបច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់ កម្មវិធីទំនាក់ទំនង និងការគ្រប់គ្រងការងារ ការប្រើប្រាស់កម្មវិធី Excel ក្នុងវិស័យស្ថិតិ និង ការសិក្សាពីការរចនា រូបភាពកម្រិតដំបូង តាមវិធីសាស្រ្តងាយៗ ។

វគ្គបណ្តុះបណ្តាលនេះ បានពង្រឹង ពង្រីកចំណេះដឹង និងជំនាញ បន្ថែមទៀត ដល់អ្នកចូលរួមក្នុងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការទាញ យកទិន្នន័យ និង ស្ថិតិកីឡា ហើយក៏បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះការវិភាគ និងការគ្រប់គ្រងប្រតិបត្តិការការងារក្នុងកីឡា បានងាយស្រួល ផងដែរ ។

លោក ឈុន ចាន់ធូ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលមានសារសំខាន់ណាស់ សម្រាប់អ្នកពាក់ព័ន្ធ ដែលមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការរីកចម្រើន និងការច្នៃប្រឌិត ។ ជាពិសេស សម្រាប់ការប្រមូល និង វិភាគទិន្នន័យ និងស្ថិតិកីឡា។ ដោយសារឧស្សាហកម្មកីឡា ពឹងផ្អែកកាន់តែខ្លាំងឡើង លើការសម្រេចចិត្ត ដែលជំរុញ ដោយទិន្នន័យ ការយល់ដឹង ពីរបៀបប្រមូលផ្តុំ គ្រប់គ្រង និងបកស្រាយទិន្នន័យ កីឡាប្រកបដោយប្រសិទ្ធភាព បានក្លាយជាកត្តាចាំបាច់ សម្រាប់អត្តពលិក គ្រូបង្វឹក អ្នកវិភាគ និងអង្គការកីឡា ។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានកីឡា ជាប្រតិបត្តិករ នៃវិស័យកីឡា គឺពិតជាមានភាពទទួលខុសត្រូវខ្ពស់ និងត្រូវស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ពិសេសជំរុញឲ្យមន្រ្តី អនុវត្តការងារ ពន្លឿនការយល់ដឹងរបស់ខ្លួនលើបច្ចេកវិទ្យាប្រតិបត្តិការការងារ នាសម័យឌីជីថលដល់បុគ្គលិកអប់រំគ្រប់រូប៕
ដោយ៖លី ភីលីព


