កីឡា

ខេត្តកណ្តាល ប្រកាសការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥

ខេត្តកណ្តាល ៖ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាស បើកការប្រកួត កីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម ។

នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំខេត្តកណ្តាលកិច្ចប្រជុំ និងចាប់ឆ្នោត ជាមួយគណៈប្រតិភូកីឡាកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ និងកីឡាអត្តពលកម្មទំាង ១៣ ត្រៀមការប្រកួតនឹងចាប់ផ្តើមជាផ្លូវការដោយមានការអញ្ជើញពីសំណាក់លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៅការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស។

លោកបានបន្តថា ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕
ដោយ៖លី ភីលីព

Most Popular

To Top