កីឡា

លោក សេង ធារិន ៖ ការប្រកួតជើងឯកនេះធ្វើឡើងដើម្បីចម្រាញ់រកអត្តពលិកឆ្នើម ត្រៀមខ្លួនចូលរួមការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ

ភ្នំពេញ៖ លោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាលោកបណ្ឌិត សាន់តូ ដាប៊ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡានាថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក សេង ធារិន បានមានប្រសាសន៍ថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិកើតឡើងបាន ដោយសារតែការរួមគ្នារបស់ប្រធាន អនុប្រធាន និងសមាជិកទំាងអស់សហព័ន្ធដោយស្មារតី និងថវិកាដើម្បីឲ្យសហព័ន្ធចលនា។ ថ្នាក់ដឹកនាំសហព័ន្ធខិតខំជំរញកីឡាបញ្ចស៊ីឡាត់នេះឲ្យមានការរីកចម្រើនកាន់តែក្នុងប្រទេសកម្ពុជា ដើម្បីចេញទៅប្រកួតនៅក្រៅអាចដណ្តើមមេដាយជូនប្រទេសជាតិយើង។ ការប្រកួតធ្វើឡើង ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ ២០២៥ នៅប្រទេសថៃ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាបាននិយាយថា ការប្រកួត កីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥ នាឱកាសនេះក្រោមការចង្អុលបង្ហាញរបស់លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដូចជាការចូលរួមពីសំណាក់លោកអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឲ្យខានតែបានសម្រាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិដើម្បីជាការបោះជំហានមួយទៀតក្នុង ប្រមូលផ្តុំអត្តពលិកមានទេពកោសល្យក្នុងការលេងប្រភេទកីឡានេះ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឲ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។

លោកអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ឆ្នាំទី១ នៃការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គណៈកម្មាការ រៀបចំការប្រកួតទទួលបានការចូលរួមចុះឈ្មោះពីចំនួន២២ សាលាគុន មកពី៩ រាជធានីខេត្ត ក្នុងនោះមាន ព្រៃវែង កណ្តាល កំពង់ឆ្នាំង រតនគីរី បន្ទាយមានជ័យ សៀមរាប តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ។ អត្តពលិកចូលរួមមានចំនួន ១២៧រូប រួមមានកីឡាការិនី ៤១ រូប កីឡាករ ៨៦ រូប ប្រតិភូគ្រូបង្វឹក ៣០រូប មន្ត្រីបច្ចេកទេស ៣០រូប និង-ក្រុមការងារទទួលបន្ទុកការអនុគណៈកម្មាការនីមួយៗចំនួន២៥រូប៕

ដោយ៖ លី ភីលីព

Most Popular

To Top