ភ្នំពេញ ៖ ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ អង្គការផ្កាយសមុទ្រ បានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារីប្រចាំ ឆ្នាំ២០២៥ នេះជាថ្មីម្តងទៀត ដោយផ្តល់ឱកាសដល់កីឡា ការិនីសរុបចំនួន ៥១៦នាក់ មកពី ៤៣ក្រុម ទូទាំងប្រទេសកម្ពុជា ឲ្យមកជួបជុំគ្នាប្រកួតប្រជែង ព្រមទាំងស្វែងយល់ពីសិទ្ធិស្ត្រី និងសាមគ្គីភាពជាសហគមន៍ នាថ្ងៃសៅរ៍ទី៨ ខែមីនា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់អង្គការ ផ្កាយសមុទ្រ ភ្នំពេញ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីប្រចាំឆ្នាំនេះប្រព្រឹត្តទៅតាមប្រភេទអាយុផ្សេងៗដូចជា ក្រុមកីឡាការនី អាយុ ក្រោម ១០ឆ្នាំ អាយុក្រោម ១៤ឆ្នាំ និង អាយុក្រោម ១៨ឆ្នាំជាដើម ដោយផ្តល់ឱកាសដល់កុមារី ជាកីឡាការនីឲ្យ បញ្ចេញទេពកោសល្យ ជំនាញធ្វើការងារជាក្រុម និងស្មារតីដ៏មោះមុត របស់ពួកគេនៅលើទីលាន ។ ដោយទទួល ស្វាគមន៍វត្តមានក្រុមកីឡាការនីធ្វើដំណើរមកពីខេត្តក្រុងនានា និងស្ថាប័នដៃគូរបស់អង្គការផ្កាយសមុទ្រនៅ រាជធានីភ្នំពេញ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះបានបង្ហាញពីភាព រីកចម្រើនឥតឈប់ឈរ នៃកីឡាបាល់ទាត់ស្ត្រី នៅកម្ពុជា ។

ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីដ៏ធំជាងគេមួយនៅកម្ពុជា ដែលបាន កំពុងតែបន្តជម្រុញ និងបំផុសទឹកចិត្តដល់អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភជ្រោមជ្រែង និងស្ថាប័នពាក់ព័ន្ធមានគោលដៅ លើកកម្ពស់សមភាពយេនឌ័រ តាមរយៈកីឡា ។ វត្តមាន និងការរួមចំណែក របស់កីឡាការនីម្នាក់ៗដើរតួយ៉ាង សំខាន់ក្នុងការធានាបានថា កីឡាការនីវ័យក្មេងគ្រប់រូបទទួលបានឱកាសកសាងសមត្ថភាពផ្ទាល់ខ្លួន និងក្នុង វិស័យកីឡា ។

លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធី បាល់ទាត់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះគឺ មានន័យលើសពីការចាញ់ឈ្នះ តែវាបានជួយលើកកម្ពស់សិទ្ធិស្ត្រី និង បំផុសទឹកចិត្តពួកគេឲ្យជឿជាក់លើខ្លួនឯង កសាងទំនុកចិត្ត និងបំបែករនាំងសង្គមផ្សេងៗ តាមរយៈកីឡា ។ ពួក យើងពិតជាមានមោទនភាពក្រៃលែង ដែលបានរៀបចំកម្មវិធីនេះឡើង ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ យើងក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងជម្រុញឲ្យមានកីឡាការនី ជំនាន់ក្រោយបន្ថែមទៀត ។

ក្នុងព្រឹត្តិការណ៍ប្រកួត បាល់ទាត់មួយថ្ងៃពេញនេះ ក្រុមទាំងអស់នឹងប្រកួតប្រជែងក្នុងការប្រកួតជាបន្តបន្ទាប់ ដើម្បីដណ្តើមយកជ័យជំនះជាក្រុមឈ្នះវគ្គផ្តាច់ព្រ័ត្រសម្រាប់ប្រភេទអាយុនីមួយៗ ។ ក្រៅពីការប្រកួតប្រជែង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីប្រចាំឆ្នាំនេះគឺជាបរិយាកាសដ៏វិសេសវិសាលសម្រាប់កុមារីទាំងអស់ឲ្យផ្សារ ភ្ជាប់ទំនាក់ទំនង លើកទឹកចិត្តគ្នាទៅវិញទៅមក និងអបអរសាទរដល់ស្មារតីស្រឡាញ់ដ៏មោះមុតរបស់ពួកគេ ចំពោះកីឡាបាល់ទាត់ថែមទៀតផង ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីនេះរំពឹងថានឹងទាក់ទាញចំណាប់ អារម្មណ៍ពីក្រុមអ្នកស្រឡាញ់គាំទ្រកីឡាបាល់ទាត់ និងអ្នកសារព័ត៌មានឲ្យមកចូលរួមគាំទ្រលើកទឹកចិត្តដល់ អនាគតកីឡាការនីបាល់ទាត់កម្ពុជាឆ្នើមៗ៕



