កីឡា

ព្រឹត្តិការណ៍រត់ប្រណាំង ស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ ឆ្នាំ ២០២៥ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

ភ្នំពេញ ៖ ព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០ គីឡូម៉ែត្រដ៏ធំប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ត្រី» ប្រព្រឹត្តិឡើងដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” បានដំណើរការ និងបញ្ចប់ប្រកបដោយភាពរីករាយ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ ។

ព្រឹតិ្តការណ៍នេះមានកីឡាករ-កីឡាការិនីច្រើនជាង ៣០០០ នាក់ បានចូលរួមរត់ប្រណាំង ដោយចាប់ផ្តើមពី សួនច្បារ មុខវត្តបទុមវត្តី បន្តទៅកោះពេជ្រ និងឆ្លងកាត់កោះនរា ក្រោមការរៀបចំ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ។

ព្រឹតិ្តការណ៍នេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានលោកស្រីបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធាន សហព័ន្ធកីឡារាំកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករ ធានារ៉ាប់រងកម្ពុជា និងលោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

លោកជំទាវបណ្ឌិត កុយ ពិសី បានមានប្រសាសន៍ថា ការរៀបចំព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ នេះក្នុងគោលបំណង ការលើកកម្ពស់ ដល់សិទ្ធិស្មើភាព និងអានុភាព របស់ស្ត្រីក្នុងសកម្មភាពកីឡា ហើយនឹងអបអរ ទិវាសិទ្ធិនារី អន្តរជាតិ ៨ មីនាដែលជាថ្ងៃរម្លឹកខួប ១១៤ ឆ្នាំ ពីសិទ្ធិសេរីភាពស្មើគ្នារវាងបុរស និងស្ត្រី។

លោកជំទាវបណ្ឌិតបានបន្ថែមថា លោកជំទាវបណ្ឌិត ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ក្រោយឃើញប្រជាពលរដ្ឋ ទាំងចាស់ ក្មេងចូលរួមព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រីក្នុងឆ្នាំ២០២៥ នេះ ជាច្រើនកុះករ ដែលមានចំនួនច្រើនជាង ៣០០០ នាក់។ នេះជាការបង្ហាញឲ្យឃើញ ពីការផ្តោតលើវិស័យកីឡា ការគិតគូរពីសុខភាព និងការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីលើកស្ទួយសង្គមជាតិយើង ឲ្យកាន់តែរីកចម្រើន ៕

Most Popular

To Top