ភ្នំពេញ៖ លោក ឈាង សុវណ្ណរតនា តំណាងលោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា និងលោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាបាននិយាយថា ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គណៈកម្មាការ រៀបចំការប្រកួតទទួលបានការចូលរួមចុះឈ្មោះពីចំនួន២២សាលាគុន មកពី៩ រាជធានីខេត្ត ក្នុងនោះមាន ព្រៃវែង កណ្តាល កំពង់ឆ្នាំង រតនគីរី បន្ទាយមានជ័យ សៀមរាប តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ។ អត្តពលិកចូលរួមមានចំនួន ១២៧រូប រួមមានកីឡាការិនី ៤១ រូប កីឡាករ ៨៦ រូប ប្រតិភូគ្រូបង្វឹក ៣០រូប មន្ត្រីបច្ចេកទេស ៣០រូប និង-ក្រុមការងារទទួលបន្ទុកការអនុគណៈកម្មាការនីមួយៗចំនួន២៥រូប។

លោកអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥ នាឱកាសនេះក្រោមការចង្អុលបង្ហាញរបស់លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដូចជាការចូលរួមពីសំណាក់លោកអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឲ្យខានតែបានសម្រាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិដើម្បីជាការបោះជំហានមួយទៀតក្នុង ប្រមូលផ្តុំអត្តពលិកមានទេពកោសល្យក្នុងការលេងប្រភេទកីឡានេះ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឲ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។

សហព័ន្ធកំពុងធ្វើការពង្រីបន្ថែមការចូលរួមពីសមាគមន៍ និងក្លិបបញ្ចស៊ីឡាត់។ បន្ថែមការផ្សព្វផ្សាយអំពីគុណតម្លៃនៃការលេងកីឡាបញ្ចស៊ីឡាត់ ហើយបង្កើតវគ្គបណ្តុះបណ្តាលចំពោះអត្តពលិក និងមន្ត្រីបច្ចេកទេស។ ជំរុញឲ្យមន្ត្រីបច្ចេកទេសរបស់សហព័ន្ធទទួលអាជ្ញាប័ណ្ណ (License) កម្រិតអន្តរជាតិ និងគ្រូកម្រិតអន្តរជាតិ។ រៀបចំកម្មវិធីហ្វឹកហាត់ និងទីតាំងហ្វឹកហាត់ស្តង់ដា។

រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាប្រចាំឆ្នាំឲ្យបានទៀងទាត់ និងកាប្រកួតមិត្តភាពនានា ដើម្បីពង្រីកលទ្ធភាពក្នុងការបញ្ចូនអត្តពលិក ចូលរួមការប្រកួតនៅក្រៅប្រទេស។ ការសម្រួចគោលដៅរយៈពេលខ្លី ក្នុងការដណ្តើមមេដាយស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាដើម៕


ដោយ៖ លី ភីលីព
