ភ្នំពេញ៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃជាលើកទី១ នៅពហុកី ឡាដ្ឋានជាតិអូឡាំពិក។

លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញានៃប្រទេសទាំង ២ ក្នុងការពង្រឹងមិត្តភាពអោយកាន់តែស្អិតរមួតបន្ថែមទៀត។

រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ ភាពរីកចម្រើនរុងរឿង និងភាពសម្បូរសប្បាយ សម្រាប់រាប់ប្រជាជនកម្ពុជា និងថៃ ដោយមានមូលដ្ឋានធម៌ សាមគ្គីធម៌របស់ព្រះពុទ្ធនាំមុខ។ អនាគតនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានការផ្សារភ្ជាប់ដែលពុំអាច កាត់ផ្តាច់បាន។ យើងចាំបាច់ត្រូវឈានឆ្ពោះទៅមុខជាមួយគ្នា អភិវឌ្ឍរួមគ្នា និងជាធ្លុងមួយជាមួយគ្នា។

ចំណែកលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កីឡាករមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។

កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្ររួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងកីឡាករថៃដឹកនាំដោយនាយករដ្ឋមន្ត្រីថៃកាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នាផងដែរ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរនេះ ក្នុងការប្រកួតក្នុងតង់ទី១ ក្រុមបាល់ទាត់គុនខ្មែរ បានស៊ុតបញ្ចូលទីបានចំនួន៣គ្រាប់។ចំណែក្រុមបាល់ទាត់ MUAYTHAI ស៊ុតបញ្ចូលទីបានចំនួន២គ្រាប់។ ចំណែកការប្រកួតក្នុងតង់ទី២វិញ ក្រុមបាល់ទាត់តារាកម្ពុជាស៊ុតបញ្ចូលទីក្រុមតារាថៃបានចំនួន ១គ្រាប់។ ចំណែកក្រុមបាល់ទាត់តារាថៃ ស៊ុតបញ្ចូលទីក្រុមតារាកម្ពុជាបានចំនួន២គ្រាប់។ក្រុមទាំង៤នេះបានលើកពានរង្វាន់កិត្តិយសទាំងអស់គ្នា៕












ដោយ៖ លី ភីលីព
