ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ CID បានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥ បន្ទាប់ពីក្រុមនេះយកឈ្នះក្រុមបាល់ទាត់វ័យចាស់ R2N វគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលបច្ចេកទេស ៦ទល់នឹង ១ នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដោយមានក្រុមបាល់ទាត់វ័យចាស់ជើងខ្លាំង ៨ ក្រុមចូលរួម។

ខណៈក្រុមបាល់ទាត់វ័យចាស់ R2N ទទួលជើងឯករង ហើយក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយពីយកឈ្នះក្រុមបាល់ទាត់វ័យចាស់ K8 ក្នុងលទ្ធផលបច្ចេកទេស ៥ ទល់នឹង ៤ ដោយការទាត់ប៉េណាល់ទី រីឯក្រុមបាល់ទាត់វ័យចាស់ អូឡាំពិក ទទួលបានពានរង្វាន់ក្រុមលេងមានពិន័យល្អ ។

លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បាននិយាយថា លោកពិតជាសប្បាយចិត្តណាស់ដែលព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥ បានចប់ដោយរលូន និងបានឃើញក្រុមទាំង៨ បានចូលរួមពិធីទទួលទានអាហារសាមគ្គី កាន់តែធ្វើការបរិកាសមួយនេះប្រកបដោយសប្បាយរីករាយ។ រូបលោកចង់ឲ្យព្រឹត្តិការណ៍មានរាល់ឆ្នាំ ហើយចង់មួយឆ្នាំមាន ២ដង ។

ការប្រកួតខាងលើនេះបានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ HANNA FC និងក្រុមបាល់ទាត់វ័យចាស់ SCS រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ CID ក្រុមបាល់ទាត់វ័យចាស់ R2N និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ៕




ដោយ៖ លី ភីលីព
