ភ្នំពេញ៖នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការតំណាងឲ្យបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោកស្រី លឿង សុផាណារ៉េត ប្រធានទីភ្ញាក់ងារកម្ពុជាប្រឆាំងដូប៉ា បានអញ្ជើញចូលរួមពិធីបើក វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាដល់ គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិកម្ពុជានៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកស្រី លឿង សុផាណារ៉េត បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពី ការប្រឆាំងដូប៉ា ដល់ភាគីពាក់ព័ន្ធ ក្នុងវិស័យកីឡា របស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាថ្ងៃទី ១០ ដល់ ថ្ងៃ ទី១៤ ខែមីនា ឆ្នាំ ២០២៥ នៅសាល(ក) នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើ ប្រាស់ដូពីង និង សិក្ខាកាមស្វែងយល់និងទាញយកទិន្ន័យ ពត៌មានមួយចំនួន ពី CADA Website ។ សិក្ខាកាមយល់ដឹងពីអត្ថប្រយោជន៍ និងរបៀបដាក់ស្នើសុំការប្រើប្រាស់ថ្នាំហាមឃាត់។ ជាពិសេសសិក្ខាកាមអាចចូលរៀនតាមប្រព័ន្ធអនឡាញ និងទាញយក វិញ្ញាបនបត្ត ពីប្រព័ន្ធបានដោយខ្លួនឯង និងអាច បញ្ចូលពត៌មានលម្អិត របស់អត្តពលិករបស់ខ្លួននៅក្នុងប្រព័ន្ធ។

លោកប្រធានទីភ្ញាក់ងារកម្ពុជាប្រឆាំងដូប៉ាបានបន្តថា វគ្គបណ្តុះបណ្តាលនេះ ដោយមានការចូលរួមសមាសភាពចូលរួម មាន ៦ និងមន្រី្ត គ្រូបង្វឹកមកពីសហព័ន្ធកីឡាជាតិចំនួន ៣៨ ដោយសិក្ខាកាមចំនួន ៨០ នាក់។លទ្ធផលរំពឹងទុកថា សិក្ខាកាម យល់ដឹងពីផលវិបាកនៃការប្រើប្រាស់ដូពីងនិងការពិន័យទោសទណ្ឌ ដែល កើតឡើងក្រោយការរកឃើញថា មាន ការរំលោភ លើវិធានប្រឆាំងដូពីង ហើយសិក្ខាកាម អាចបន្តចែករំលែក ពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ នៅសហព័ន្ធ ឬ អត្តពលិករបស់ខ្លួន ដូចជាការបញ្ចូលរបស់អត្តពលិកក្នុងប្រព័ន្ធ។

លោកស្រី គឹម សេដ្ឋានី បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំយុវជននិងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងឲ្យតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ច បានល្អប្រសើរ និង ខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅ ប្រទេសបានជោគជ័យ។ ខ្ញុំសូមថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏ មានតម្លៃចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ។

លោកស្រីរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា តាមរយៈរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក និងមន្ត្រីកីឡាមកពីសហព័ន្ធកីឡាជាតិគោលដៅចំនួន ៣៧ ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមគោលការណ៍កំណត់របស់ក្រមប្រឆាំងដូប៉ាអន្តរជាតិតម្រូវឲ្យគ្រូបង្វឹកកីឡា និងអត្តពលិកទាំងអស់នៃប្រទេសហត្ថលេខី បានសិក្សាស្វែងយល់អំពីការប្រឆាំងដូ ប៉ាក្នុងវិស័យកីឡា និងទទួលបានវិញ្ញាបនបត្របញ្ជាក់អាដែល (ADEL) ទើបមានសិទ្ធស្របច្បាប់ក្នុងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។

លោកស្រីសូមស្នើសុំឲ្យសិក្ខាកាមទាំងអស់ចូលរួមសិក្សាដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីទទួលបាននូវ វិញ្ញាបនបត្របញ្ជាក់តាមការគ្រោងទុក ព្រោះថាវិញ្ញាបនបត្រនេះមិនមែនក្រសួង ឬ គ្រូឧទ្ទេសអាចផ្តល់ជូន បានតាមការស្នើសុំនោះទេ វាជាវិញ្ញាបនបត្រដែលចេញដោយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់អន្តរជាតិ៕
