ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់ក្រសួងការពារជាតិគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមនេះដណ្តើមមេដាយច្រើនជាងគេក្នុងក្លិប-សមាគមគុនល្បុក្កតោទំាង២៩ ចូលរួមឆ្នាំនេះ រៀបចំដោយសហហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងអ្នកតំណាងក្លិបទំាង២៩ ។

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នាពេលនេះមានរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ និងចំនួនអ្នកចូលរួមសរុប ២៤៥ នាក់ រួមមានប្រតិភូគ្រូបង្វឹក ៣៥នាក់
កីឡាករ ១០៥នាក់ កីឡាការិនី ៥៥នាក់ មន្ត្រីបច្ចេកទេស ៤០ នាក់ ក្រុមការងារស្ម័គ្រចិត្ត ១០នាក់ និងសាលាគុនចូលរួមចំនួន២៩ មកពីរាជធានីខេត្តចំនួន ១០រួមមាន ភ្នំពេញ ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្ត បន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង។



ចំពោះក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់ក្រសួងការពារជាតិដណ្តើមមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ១គ្រឿង ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោអង្គរមានឬទ្ធី(សៀមរាប) ដណ្តើមមេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយប្រាក់ ២គ្រឿង និងក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោ តារាជ ដណ្តើមមេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ១គ្រឿង។ ចំណែកក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោសាកលវិទ្យាល័យជាតិគ្រប់គ្រង់ ដណ្តើមមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោយាយពៅមានរិទ្ធខេត្តកំពង់ឆ្នាំងដណ្តើមមេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង និងក្រុមកីឡាករ-កីឡាការិនី អមរៈឬទិ្ធគុនល្បុក្កតោ ដណ្តើមមេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ៕
ដោយ៖ លី ភីលីព
