ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូបានសហការជាមួយបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជានាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ដែលមានរហស័នាមថា “HOPE 2029 Taekwondo competition” ក្នុងដំណើរឆ្នោះទៅកាន់ព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ការប្រកួតជាផ្លូវការ។

លោក ហែម សំណាង អជ្ញាកណ្តាលកម្រិតអន្តរជាតិបានមានប្រសាសន៍ថា ការប្រកួតកីឡាតេក្វាន់ដូ WT HOPE 2029 នេះធ្វើឡើងក្នុងគោលបំណងស្វែងរកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ WT ត្រៀមព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅប្រទេសកម្ពុជា។

លោកបានបន្តថា ការប្រកួតមិនត្រឹមតែមានស្វែងរកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗទេ ថែមទាំងជួយផ្នែកសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ។ ជំរុញឲ្យលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីល្អៗ ចូលរួមក្នុងក្រុមជម្រើសជាតិនាពេលអនាគត និងបង្កលក្ខណៈឲ្យមានការជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។



លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ WT បាននិយាយថា ការប្រកួតកីឡាតេក្វាន់ដូ WTមានរហស័នាមថា “HOPE 2029 Taekwondo competition” មានក្លិបនៅទូទំាងរាជធានីភ្នំពេញ និងក្លិបចំនួននៅខេត្តកណ្តាលគឺក្លិបតេក្វាន់ដូ WT បក្សីដែក និងក្លិបតេក្វាន់ដូ WT វិទ្យាល័យហ៊ុនសែន សេរីភាព ដែលមានកីឡាករ-កីឡាការិនីជាង ៤០០ នាក់។ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ធ្វើការប្រកួតប្រភេទវិញ្ញាសាមេគុន ដែលមាន ១៣ ក្លិបកីឡាតេក្វាន់ដូចូលរួម ចំណែកនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ធ្វើការប្រកួតប្រភេទប្រយុទ្ធ ដែលមាន ១៧ ក្លិបកីឡាតេក្វាន់ដូចូលរួម៕
