ខេត្តកណ្តាល៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រុមកីឡាបាល់ទាត់កុមារីក្រុងតាខ្មៅដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅវិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើម ក្រោមការរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ក្រុមកីឡាបាល់ទាត់កុមារីក្រុងតាខ្មៅ ដណ្តើមបានមេដាយមាស ក្រុមកីឡាបាល់ទាត់កុមារីស្រុកល្វាឯម ដណ្តើមបានមេដាយប្រាក់ និងក្រុមកីឡាបាល់ទាត់កុមារីស្រុកកណ្តាលស្ទឹងដណ្តើមបានមេដាយសំរិទ្ធ។ ចំពោះប្រភេទកីឡាបាល់ទាត់កុមារីមាន ៣ ក្រុម គឺក្រុមកីឡាបាល់ទាត់កុមារីក្រុងតាខ្មៅ ក្រុមកីឡាបាល់ទាត់កុមារីស្រុកល្វាឯម និងក្រុមកីឡាបាល់ទាត់កុមារីស្រុកកណ្តាលស្ទឹង។

ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។

ចំពោះប្រភេទកីឡាបាល់ទះកុមារាមាន ៦ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៤ ក្រុមប្រកួតលក្ខណៈវិលជុំ។ ទីតាំងប្រកួតប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ។ រីឯប្រភេទកីឡាបាល់ទាត់កុមារាមាន ៩ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៣ ក្រុមប្រកួតលក្ខណៈវិលជុំទីតាំងប្រកួតប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល ៕
ដោយ៖ លី ភីលីព
