កីឡា

សហព័ន្ធខ្មែរកីឡាហាប់គីដូ ប្រកាសផែនការអភិវឌ្ឍក្លឹបគុន និងពង្រឹងសមត្ថភាពសិស្សដើម្បីឈានទៅដណ្តើមជើងឯកថ្នាក់តំបន់ ឬអន្តរជាតិ

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំមហាសន្និតបាតបូកការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូនៅសាលប្រជុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក គង់ ចាន់ធីណា អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហាប់គីដូបាននិយាយថា សហព័ន្ធខ្មែរកីឡាហាប់គីដូ មានភាពរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិក្រោមការបំពេញការងារមានការ សហការគ្នាល្អ និងមានការលះបង់ខ្ពស់ទាំងធនធាន និងពេលវេលាផ្ទាល់ខ្លួនសម្រាប់អភិវឌ្ឍន៍វិស័យកីឡាហាប់គីដូ។ អស់រយៈពេល ១ឆ្នាំកន្លងមកនេះក្នុងអាណត្តិទី៨ ( ឆ្នាំ២០២៤ ) ដោយការដឹកនាំផ្ទាល់របស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហាប់គីដូ សម្រេចបាននៅសមិទ្ធផលជាច្រើន។

លោកបានបន្តថា គណៈកម្មាធិការប្រតិបត្តិបានបំពេញការងារដោយការសហការគ្នាយ៉ាងល្អ និងមានការលះបង់ខ្ពស់ទាំងធន ធាននិងពេលវេលាផ្ទាល់ខ្លួនសម្រាប់អភិវឌ្ឍន៍វិស័យកីឡាហាប់គីដូ ដោយសម្រេចបានសមិទ្ធផល២ធំៗក្នុងឆ្នាំនេះ គឺការរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២របស់ខ្លួន យ៉ាងពេញមុខពេញមាត់ ទាំងការ រៀបចំទូទៅ ទីលានប្រកួត ពិធីការ ព្រមជាមួយប្រាក់ឧបត្ថម្ភដល់អត្តពលិកទទួលជ័យលាភី។ ការបញ្ជូនក្រុមអត្តពលិក ហាប់គីដូកម្ពុជា ទៅចូលរួមប្រកួតជើងឯកហាប់គីដូពិភពលោក នៅព្រះ រាជាណាចក្រថៃ ដែលជាលទ្ធផលដ៏ជោគជ័យ ក្រុមហាប់គឺដូកម្ពុជា ដណ្តើមបានមេដាយសរុប ៤០គ្រឿង ក្នុងនោះ មាស១២ ប្រាក់១៣ និងសំរិទ្ធ១៥គ្រឿង ព្រមទាំងទទួលបានសារអបអរ សាទរក្នុងផេកផ្លូវការរបស់ សម្តេចបវរធិបតី។

លោក គង់ ចាន់ធីណាបានបញ្ជាក់ថា អំពីចំណុចខ្វះខាតដូចជាសហព័ន្ធត្រូវការការជួយជ្រោមជ្រែងបន្ថែមពីគណៈកម្មាធិការប្រតិបត្តិទាំងអស់ក្នុងការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែមានសក្តានុពល ជាពិសេសការផ្សព្វផ្សាយស្វែងរកដៃគូឧបត្ថម្ភក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត និងការបញ្ជូនក្រុមអត្តពលិកទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ តាមលទ្ធដែលអាចធ្វើបាន ព្រោះនេះសកម្មភាព ស្នូលដែលនាំឲក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្តល់កញ្ចប់ថវិការឧបតម្ភដល់សហព័ន្ធជារៀងរាល់ឆ្នាំ។ បើសិនជាសហព័ន្ធខ្មែរកីឡាហាប់គីដូ លុបបំបាត់បាននូវការខ្វះខាតខាងលើនោះ សហព័ន្ធនឹងអាចមានលទ្ធភាពធ្វើសកម្មភាព និងរៀបចំព្រឹត្តការណ៍ប្រកួតឲបានច្រើន ដើម្បីឲក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្ត ល់កញ្ចប់ថវិការឧបតម្ភដល់សហព័ន្ធជារៀងរាល់ឆ្នាំ។

លោកអគ្គលេខាធិការរូបនេះបានលើកឡើងថា ទិសដៅអនុវត្តការងារឆ្នាំ ២០២៥ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានដាក់ផែនការអុវត្តសម្រាប់ឆ្នាំ២០២៥ រួមមានរៀបចំផែនការអភិវឌ្ឍក្លឹបគុណ ដើម្បីពង្រឹងសមត្ថភាពសិស្ស ដើម្បីឈានទៅតណ្តើមជើងឯកថ្នាក់តំបន់ ឬអន្តរជាតិ និងពង្រៀងផែនការចងក្រងឯកសារស្តីពីប្រវត្តិក្បាច់គុណហាប់គីដូរ។ រៀបចំផែនការ កញ្ចប់ថវិកា និងគៀរគរចំណូលបន្ថែមសម្រាប់ដំណើរការសហព័ន្ធ និងកម្មវិធីផ្សេងៗ ព្រមទាំងរៀបចំគូបង្គោល គ្រូជំនួយ និងក្រុមការងារប្រត្តិបតិ ដើម្បីឈានទៅរកការបង្កើតទីតាំងក្លឹបបន្ថែម។ បន្តកិច្ចសហការណ៍ល្អជាមួយប្រភេទកីឡាផ្សេងៗ ក្នុងសហព័ន្ធកីឡាជាតិ និងអន្តរជាតិ និងរៀបចំផែនការ ថវិកា និងការហ្វឹកហាត់ពិសេស សម្រាប់សិស្សគុណទៅប្រកួតជើងឯកប្រទេឥណ្ឌូនេស៊ី នាពេលឆាប់ៗ ខាងមុខ ហើយនឹងពង្រឹងវិន័យផ្ទៃក្នុង និងការទទួលខុសត្រូវសម្រាប់ការងារហ្វឹកហាត់ និងការងារផ្សេងៗ ដែលលោកគ្រូ ប្រធានសហព័ន្ធដាក់ជូន៕

ដោយ៖ លី ភីលីព

Most Popular

To Top