ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះអញ្ជើញចូលរួម ពិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត របស់រាជរដ្ឋភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធិ ពីការប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ីអាគ្នេយ៍លើកទី២១ កីឡាសិស្សមធ្យមអាស៊ី អាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ នៅសាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបាននិយាយថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូ អាជ្ញាកណ្តាល មន្ត្រី បច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាលក្ខណៈហ្គេម និងការ ប្រកួតកីឡាជ្រើសរើសជើងឯកកម្រិតអន្តរជាតិ ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន នាយកដ្ឋានអប់រំកាយនិងកីឡា សិស្ស និស្សិត និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងនោះមានប្រភេទកីឡាចំនួន ១១ប្រភេទ ដណ្តើមបានមេដាយរួមមាន៖ កីឡាប៉េតង់ ការ៉ាតេ ចំបាប់ កាយសម្ព័ន្ធ កីឡាហែលទឹកពាក់ជើងទា កាយវប្បកម្ម យុទ្ធគុនចម្រុះ វ៉ូវីណាម ជីជីតស៊ូ តេក្វាន់ដូWT និងយូដូ។

សម្រាប់ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋភិបាលមាន ១៦ ព្រឹត្តិការណ៍រួមមានការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៣ នៅហ្វីលីពីន ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៣ នៅកម្ពុជា ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯក អាស៊ីលើកទី៨ ឆ្នាំ២០២៣ នៅMongolia ការប្រកួតកីឡាហែលទឹក ជើងទាជើងឯក អាស៊ីលើកទី១៨ ឆ្នាំ២០២៣ នៅថៃ និងការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោកលើកទី១៤ ឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូង ។

ការប្រកួតកីឡាយុទ្ធគុនចម្រុះ ជើងឯកពិភពលោក ឆ្នាំ២០២៣ នៅថៃ ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៧ នៅប្រទេសវៀតណាម ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅថៃ ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប់រួម ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិច ជើងឯកអាស៊ីលើកទី៩ នៅប្រទេសវៀតណាម និងការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នៅឥណ្ឌូនេស៊ី ។

រីឯការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ នៅកម្ពុជា ការប្រកួតមធ្យមសិក្សាជើងឯកអាស៊ីអាគ្នេយ៍លើកទី១៣ នៅប្រទេសវៀតណាម និងកីឡាសាកលវិទ្យាល័យជើងឯកអាស៊ីអាគ្នេយ៍លើកទី២១ នៅឥណ្ឌូនេស៊ី និងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីលើកទី១០ ឆ្នាំ២០២៤ នៅឥណ្ដា មេដាយសរុប ១៦០ គ្រឿង ក្នុងនោះមានមាស ៣១គ្រឿង ប្រាក់ ៤៩គ្រឿង និងសំរឹទ្ធិ ៨០គ្រឿង សរុបជាថវិកាចំនួន ៤,៩៨៤,៩០០,០០០ រៀលគត់ បើគិតជាដុលារសរុប ១,២៤៦,២២៥ ដុល្លារអាមេរិក។ ក្នុង នោះមានកីឡាករ ៩៦នាក់ និងកីឡាការិនី ៦៧នាក់ សរុបចំនួន ១៦៣នាក់ និងគ្រូបង្វឹក ២៥ នាក់ និងគ្រូជំនួយ ២៨នាក់ សរុប ៥៣ នាក់ ដោយសរុបរួមទាំងកីឡាករ-កីឡាការិនី គ្រូបង្វឹក និង គ្រូជំនួយ សរុបរួម ២១៦ នាក់៕







