ភ្នំពេញ ៖ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញនូវភាពគាំទ្រយ៉ាងខ្លាំង ចំពោះការសម្រេចសមាជិក គណៈកម្មាធិការអូឡាំពិក អន្តរជាតិ “IOC” ដោយអនុញ្ញាតិឲ្យមានការរៀបចំកីឡា ប្រដាល់សកលឡើងវិញ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ២០២៨ នៅទីក្រុង Los Angeles អាមេរិក ឆ្នាំ២០២៨ ។

លោក ប៊ុយ សុភ័ណ្ឌបានសង្កត់ធ្ងន់ថា ការដាក់ឲ្យមានការប្រកួតប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឡើងវិញបែបនេះ ពិតជារឿងដ៏សំខាន់ សម្រាប់ សហព័ន្ធកីឡាប្រដាល់សកល តាមប្រទេសទាំងអស់ ព្រោះការប្រកួតប្រដាល់សកល នៅអូឡាំពិកជាក្ដីស្រមៃ របស់កីឡាករ កីឡាការិនី គ្រប់រូប ក្នុងការចូលរួមដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍ ដែលជាការប្រកួតកម្រិតកំពូល របស់ពិភពលោក ។

មួយវិញទៀត ក៏ពាក់ព័ន្ធនឹងការគាំទ្រ និងជំរុញផ្សព្វផ្សាយទាំងអាជ្ញាធរកីឡាផងដែរ។ ជាក់ស្ដែងនៅកម្ពុជា ពេលកំណត់ក្របខណ្ឌជាសហព័ន្ធកីឡាអូឡាំពិក កម្ពុជាអាចទទួលបានការគាំទ្រ និងផ្ដោតយកចិត្តទុកដាក់ អាទិភាព សម្រាប់ប្រភេទកីឡាអូឡាំពិក ទាំងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោកប្រធានសហព័ន្ធកីឡាប្រដាល់បានបន្តថា ទន្ទឹមនឹងនេះ សហព័ន្ធអន្តរជាតិក៏មានការគាំទ្រ ច្រើនពាក់ព័ន្ធនឹងសហព័ន្ធកីឡាជាតិផ្ទាល់ ហើយសហព័ន្ធកីឡាជាតិនោះនឹងទទួលបានថវិកាជាគម្រោងគាំទ្រ ឧបត្ថម្ភពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ទៅលើការគាំទ្រប្រភេទកីឡា ប្រដាល់សកលលើពិភពលោក ។ នេះក៏ជាយុទ្ធសាស្ត្រសំខាន់ របស់សហព័ន្ធផ្ដោត និង លើកកម្ពស់ប្រភេទកីឡាអូឡាំពិក ក៏ដូចជាអភិវឌ្ឍប្រភេទ កីឡាអូឡាំពិកមួយនេះ និងទាក់ទាញកីឡាករ កីឡាការិនីប្រដាល់សកលអាជីព និងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍគុណផលរបស់ខ្លួនដែរ។
កីឡាប្រដាល់សកលត្រូវ បានសម្រេចឥ្យដំណើរការជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្រុង Los Angeles អាមេរិកឆ្នាំ ២០២៨។ នេះបើតាមការសម្រេចពីអង្គមហាសន្និបាតរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែមីនា ឆ្នាំ២០២៥។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបោះឆ្នោតជា ឯកច្ឆ័ន្ទលើការដាក់បញ្ចូលកីឡាប្រដាល់សកល តាមរយៈការបង្កើតសហព័ន្ធថ្មីមួយ ដើម្បីគ្រប់គ្រងដំណើរការកីឡា ប្រដាល់ពិភពលោក គឺ ប្រដាល់សកលពិភពលោក “World Boxing”៕
ដោយ៖លី ភីលីព






