ភ្នំពេញ៖ សហព័ន្ធអុកចត្រង្គកម្ពុជាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំកម្មវិធីប្រកួតអុកចត្រង្គពានរង្វាន់អង្គរសង្រ្កាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹកសាទរ សង្រ្កាន្តឆ្នាំថ្មី” ជើងឯកកុមារ និងជើងឯកនិស្សិតមហាវិទ្យាល័យ ដែលជាប្រកួតមួយផ្តល់ឱកាសដល់កុមារ និងនិស្សិតទូទាំងប្រទេសចូលរួមបង្ហាញស្នាដៃ និងផ្សព្វផ្សាយកីឡាអុកចត្រង្គដល់យុវជនជំនាន់ក្រោយ។

ក្នុងឱកាសបើកការប្រកួតកីឡាអុកចត្រង្គពានរង្វាន់អង្គរសង្រ្កាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹកសាទរ សង្រ្កាន្តឆ្នាំថ្មី” ជើងឯកកុមារ និងជើងឯកនិស្សិតមហាវិទ្យាល័យនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ហេង សុខគង រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងជាប្រធានក្រុមអុកចត្រង្គអង្គរសង្រ្កាន្ត និងលោក គុជ គីមឡុង ប្រធានសហព័ន្ធអុកចត្រង្គកម្ពុជា នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ហេង សុខគង់ បានមានប្រសាសន៍ថា អ្វីដែលពិសេសនៅឆ្នាំនេះសម្រាប់ប្រភេទកីឡាអុកចត្រង្គ ក្រោមអនុសាសន៍របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ហើយលោក ហ៊ុន ម៉ានី ក៏ជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានផងនោះបានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារា កុមារី និងនិស្សិតនានា។

កីឡាអុកចត្រង្គនេះមានតាំងពីបុរាណមក ហើយក៏មានការឆ្លាក់លើសិលាចារិកតាមជញ្ជាំងប្រាសាទបុរាណ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទព្រះខ័នជាដើម។ សម្រាប់ការប្រកួតនេះ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏មានការរៀបចំឲ្យមានការប្រកួតបន្ថែម ដូចជាជើងឯកកុមារ និងជើងឯកនិស្សិតមហាវិទ្យាល័យ សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។ ទាំងនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ក៏ជំរុញលើកទឹកចិត្តដល់កុមារា កុមារីចូលរួមលេងកីឡាអុកចត្រង្គ ដោយជៀសចេញឆ្ងាយពីគ្រឿងញៀន ល្បែងអបាយមុខផ្សេងៗ ផងដែរ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ការនិយមលេងកីឡាអុកចត្រង្គនេះនឹងជួយបង្កើនបញ្ញាស្មារតីរបស់ពួកគាត់មានការវិវឌ្ឍខ្ពស់រហូតដល់២ទៅ៣ដង។ ជាក់ស្តែងក្នុងការប្រកួតជម្រុះ ថ្ងៃនេះ ឃើញថា កុមារា កុមារីមកពីសាលាបឋមសិក្សានានាបានចូលរួមចំនួន១១រូប ដែលមានអ្នកខ្លះធ្លាប់ហ្វឹកហាត់ និងលេងកីឡានេះរហូតដល់៦ឆ្នាំមកហើយ ដោយនេះគឺជាការលើកទឹកចិត្តដ៏ល្អ សម្រាប់កុមារា កុមារី សិស្ស-និស្សិតរបស់យើង ដែលជាផែនការយុទ្ធសាស្ត្រសម្រាប់កម្ពុជា នាថ្ងៃអនាគតផងដែរ។

លោក ហេង សុខគង់ បានសង្កត់ធ្ងន់ថា ជារួម សម្រាប់ផ្នែកជើងឯកកុមារ ការប្រកួតនេះនឹងស្វែងរកបេក្ខភាពជ័យលាភីចំនួន៤នាក់ ដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៥នេះ នៅខេត្តសៀមរាបផ្ទាល់តែម្តង។ ដោយឡែកសម្រាប់ផ្នែកសិស្សនិស្សិត គណៈកម្មការនឹងជ្រើសរើសបេក្ខភាពជ័យលាភី២រូប ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាបដែរជាមួយនឹងផ្នែកមហាជន ដោយយើងនឹងចម្រាញ់រកស្តេចអុក ក្នុងឱកាសនោះផងដែរ។

លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានពន្យល់ថា ប្រកួតការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» នេះត្រូវបានបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ គឺជាការប្រកួតជ្រើសរើសជើងឯក តាមតំបន់ ដោយយកបេក្ខភាពជ័យលាភី៣នាក់ (Top3) តាមតំបន់នីមួយៗ ហើយនៅពេលដែលរកឃើញបេក្ខភាព ៣នាក់តាមតំបន់ហើយៗយើងបន្តការប្រកួតនៅដំណាក់កាលទី២ ដោយត្រូវស្វែងរកបេក្ខភាពឆ្នើមៗ ៨នាក់ចុងក្រោយ (Top8) ដើម្បីយកទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាបតែម្តង។ ដោយឡែកសម្រាប់ការប្រកួតជើងឯកនិស្សិតមហាវិទ្យាល័យ គឺមានកូតាពិសេស ដោយត្រូវប្រកួតវគ្គជម្រុះ នៅរាជធានីភ្នំពេញថ្ងៃទី២៣ ខែមីនានេះ ដោយជ្រើសរើសយកបេក្ខភាព២នាក់ (ចំណាត់ថ្នាក់លេខ១ និងលេខ២) ដើម្បីឡើងទៅប្រកួតជាមួយបេក្ខភាព៨នាក់ចុងក្រោយ ដំណាក់កាលទី២ (ក្រោយប្រកួតជម្រុះទាំង៧តំបន់) បង្រ្គប់បេក្ខភាព១០ចុងក្រោយ ដើម្បីដណ្តើមពានរង្វាន់ស្តេចអុក អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។ដោយឡែក សម្រាប់ការប្រកួតជើងឯកកុមារ គឺប្រកួតតែ២វគ្គទេ ដោយវគ្គទី១ ត្រូវប្រកួតជម្រុះថ្ងៃទី២៣ ខែមីនានៅរាជធានីភ្នំពេញនេះ (ដែលមានបេក្ខភាពចូលរួម ៩នាក់) ហើយបេក្ខភាពជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលទាំងពីរ ស្មើនឹង៤នាក់ ត្រូវបន្តការប្រកួតនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នៅក្នុងកម្មវិធីអង្គរសង្ក្រាន្ត នៅខេត្តសៀមរាបតែម្តង៕


ដោយ៖ លី ភីលីព
