ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការបរាជ័យរបស់កីឡាការិនីអត្តពលកម្មដ៏សិចស៊ីចិននាង Wu Yanni ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកពិភពលោក បើទោះបីជាបានបង្កើតកំណត់ត្រាជាតិលើវិញ្ញាសារត់ ៦០ ម៉ែត្ររបស់ស្ត្រី បានបង្កឲ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកលើបណ្តាញសង្គមក្នុងប្រទេសចិន។
នាង Wu Yanni បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃចន្ទជាមួយនឹងថិរវេលា ៨.០១ វិនាទី ត្រឹមតែ ០.០១ វិនាទីតាមពីក្រោយអ្នកបញ្ចប់ទី២ កីឡាការិនី Ackera Nugent របស់ហ្សាម៉ាអ៊ីក ហើយមានតែអ្នករត់ប្រណាំងកំពូល២រូបប៉ុណ្ណោះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ពេលវេលារបស់នាង Wu បានបង្កើតកំណត់ត្រាជាតិចិនថ្មី ហើយជាពេលវេលាលឿនបំផុតទី៤ ដែលមិនធ្លាប់មានដោយស្ត្រីអាស៊ី។ ទោះជាសម្រេចបានជោគជ័យយ៉ាងណាក៏ដោយ ក៏នាងនៅតែរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើណេតចិន។
អ្នកប្រើម្នាក់បានសរសេរនៅលើបណ្តាញសង្គម Weibo ថា សមត្ថភាព និងកេរ្តិ៍ឈ្មោះរបស់នាងមិនត្រូវគ្នាទេ ហើយនាងគ្រាន់តែជាឧបករណ៍ទីផ្សារ និងជាតារាល្បីលើអ៊ីនធើណេត។ អ្នកប្រើម្នាក់ទៀតបានប្រៀបធៀបប្រជាប្រិយភាពរបស់នាង Wu ទៅនឹង Liu Xiang អតីតកីឡាករចិនបានឈ្នះមេដាយមាសអូឡាំពិក និងជើងឯកពិភពលោកចំនួន២ ដោយកត់សម្គាល់ថាកម្លាំងរបស់នាងនៅឆ្ងាយពីកម្រិត Liu Xiang រាប់លានគីឡូម៉ែត្រ។
ក្នុងអំឡុងពេលអាជីពរបស់នាង បុគ្គលិកលក្ខណៈនិយាយមិនចេញរបស់នាង Wu ការចាក់សាក់ និងការប្រើប្រាស់គ្រឿងសម្អាងក្នុងអំឡុងពេលប្រកួតបានបែងចែកគំនិតនៅសហគមន៍កីឡាចិន។ នៅប្រទេសចិន តារាកីឡាជាប្រពៃណីមិនត្រូវបានធ្វើឲ្យបង្ហាញស្នាមសាក់តាមកញ្ចក់ទូរទស្សន៍ឡើយ៕
