ខ្សែបម្រើស្លាបជម្រើសជាតិកម្ពុជា Nick Taylor បាននិយាយថា កម្រិតបច្ចេកទេសលេងរបស់កម្ពុជាមានកម្រិតអន់ខ្លាំង ក្រោយពេលចាញ់ក្រុម អារូបា ដែលមាន Ranking ទី១៩៥ក្នុងលទ្ធផល២-១ កាលពីយប់មិញនៅពហុកីឡដ្ឋានជាតិសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។
ខ្សែបម្រើខាងលើបាននិយាយថា នៅវគ្គទី១ របូតពីរគ្រាប់សមត្ថភាពលេងយ៉ាប់ខ្លាំង ហើយនៅវគ្គទី២ កម្ពុជាអាចលេងបានល្អមកវិញខ្លះ និងមានកម្លាំងក្នុងការប្រយុទ្ធ។ តែការប្រកួតកម្ពុជាមានកាតក្រហមទើបធ្វើឲ្យក្រុមពិបាកយកឈ្នះត្រឡប់មកវិញ ។ សម្រាប់រូបគេយល់ថា ការប្រកួតទាំងមូលគឺកម្ពុជាមានកម្រិតបច្ចេកទេសអន់ខ្លាំងក្នុងការប្រកួតមួយនេះ។

បន្ថែមលើការលើកឡើងខាងលើលោក Koji Gyotoku គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាក៏បានលើកឡើងពីការបរាជ័យនេះថា លោកពិតជាមានការសោកស្ដាយ និងព្រមទទួលខុសត្រូវសម្រាប់លទ្ធផលដែលចាញ់នេះ។ គ្រប់យ៉ាងវាបានធ្វើឲ្យលោកមានការខកចិត្ត។ នៅពេលចាប់ផ្ដើមលេងនៅវគ្គទី១ គឺកម្ពុជារបូតគ្រាប់បាល់ដល់ទៅ២គ្រាប់ ព្រោះតែជាកំហុសមិនអាចបិទដៃគូបាន៕
