ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងមហាសន្និបាតនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សាម៉ឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ជាតំណាងលោកបណ្ឌិតសភារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាអូឡាំពិកចំនួន២០ និងតំណាងសហព័ន្ធកីឡាមិនអូឡាំពិកចំនួន១៦។

មហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ចប់ដោយភាពជោគជ័យ ជាពិសេសបានបង្ហាញនូវឆន្ទៈច្បាស់លាស់ ចក្ខុវិស័យ វែងឆ្ងាយរបស់ក្រុមគ្រួសារចលនាអូឡាំពិកកម្ពុជា ដែលបានតាំងចិត្ត ពួតដៃគ្នា ឆ្ពោះទៅរកសុខដុមនីយកម្មការងារកីឡា និងការអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិកឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ បានមានប្រសាសន៍ថា ក្រោយពីជោគជ័យដ៏ត្រចះត្រចង់ព្រឹត្តិការណ៍ SEA Games និងASEAN Para Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចលនាអូឡាំពិកកម្ពុជាបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានយកចិត្តទុកដាក់អនុវត្តតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ចក្ខុវិស័យវែងឆ្ងាយថាមពលខ្លាំងក្លា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ២០២៤ ដោយទទួលបាននូវកិច្ចសហការ និងសាមគ្គីភាពដ៏ល្អពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ អង្គការកីឡាអន្តរជាតិ ក្រុមគ្រួសារចលនាអូឡាំពិកអន្តរជាតិ និងការជួយឧបត្ថម្ភគាំទ្រពីវិស័យឯកជន បានធ្វើឱ្យចលនា អូឡាំពិកកម្ពុជានៅតែបន្តទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗគួរឲ្យកត់សម្គាល់។

លោកអគ្គលេខាធិការបន្តថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” ក្រោមការដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិ និងភាពជាដៃគូ យុទ្ធសាស្ត្រជាមួយក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ ធ្វើឲ្យ គ.ជ.អ.ក នៅតែស្ថិតក្នុងភាពសកម្មប្រកបដោយ ស្មារតីបុរេសកម្មជានិច្ច។ ឆ្នាំ២០២៤ គឺពេលវេលានៃការស្តារកម្លាំងថាមពលកីឡាជាតិ និងចលនាអូឡាំពិកឡើងវិញបន្ទាប់ពីការហត់នឿយ និងពិនិត្យឡើងវិញនូវផលជះត្រឡប់នៃមហាព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលទទួល បានជោគជ័យត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះ និងជាកំណត់ត្រាប្រវត្តិសាស្ត្រ ៦៤ឆ្នាំ៕




ដោយ៖ លី ភីលីព
