ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មការ គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ (គ.អ.ទ.ស.) និង ជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NO CC) បានចង្អុលបង្ហាញ ចំណុចពិសេស ដើម្បីបន្តជំរុញដំណើរការ អភិវឌ្ឍវិស័យកីឡាជាតិ និងចលនា អូឡាំពិក ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាយុទ្ធសាស្រ្តក្នុង ការដណ្តើមេដាយ ជូនប្រទេសជាតិ ។

លោកបណ្ឌិត ថោង ខុន បន្តថា ភាពអស្ចារ្យ និងមរតក SEA Games-ASEAN Para Games ឆ្នាំ២០២៣ ធ្វើជាគុណតម្លៃនៃនិមិត្តរូបដ៏មានប្រសិទ្ធភាព ជាមេរៀនបទ ពិសោធន៍ដ៏ត្រឹមត្រូវក្នុងការជំរុញទឹកចិត្ត ប្រតិបត្តិករកីឡាគ្រប់ៗរូប និងជាឧបករណ៍ចាំបាច់ ត្រូវបន្តការផ្សព្វផ្សាយស្នាដៃ ដ៏អស្ចារ្យនេះ ទៅលើឆាកជាតិ និងអន្តរជាតិ ។ ត្រូវពង្រឹងគុណភាព សមត្ថភាព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ តាមយន្តការគ្រប់គ្រង ដឹកនាំប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាពជាវិធានការអាទិភាព ត្រូវធ្វើកំណែទម្រង់ឲ្យចេញជាលទ្ធផល ជាក់ស្តែងនាឆ្នាំ២០២៥ ដោយគោរពតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។

លោកប្រធាន NOCC បានបញ្ជាក់ថា បង្កើនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកីឡាជំនាញកម្រិតខ្ពស់ សម្រាប់គោលដៅកសាងសមត្ថភាព ប្រកបដោយគុណវុឌ្ឍិជំនាញ វិជ្ជាជីវកីឡា ដល់ថ្នាក់ដឹកនាំ មន្ត្រី របស់សហព័ន្ធកីឡាជាតិ និងផ្តល់ការ បណ្តុះបណ្តាលជំនាញកីឡា និងបច្ចេកទេសកីឡាកម្រិតខ្ពស់ដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ក្រុមជម្រើសជាតិ។
អភិវឌ្ឍគុណវុឌ្ឍិកីឡាកម្រិតខ្ពស់ របស់អត្តពលិកក្នុងការ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយចាត់ទុកជា Games យុទ្ធសាស្រ្តរបស់កម្ពុជា ដោយត្រូវរក្សាឧត្តមភាពកីឡាជាតិ បន្តទៀត បន្ទាប់ពីជោគជ័យឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

មហាគ្រួសារចលនាអូឡាំពិក និងកីឡាជាតិត្រូវបុរេសកម្ម ក្នុងការស្វ័យសិក្សា ក៏ដូចជាសហការជាមួយចលនាអូឡាំពិក និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការទាញគុណប្រយោជន៍ ជាអតិបរមាពីការប្រើប្រាស់បច្ចេកវិទ្យា “AI” ដើម្បីក្នុងការជំរុញអភិវឌ្ឍចលនាអូឡាំពិក និងកីឡាជាតិ ។ ចាប់ផ្តើមរៀបចំឯកសារ បទដ្ឋានគតិយុត្តិ និងផែនការមេឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ឲ្យបានរួចរាល់នៅឆ្នាំ២០២៥។

លោកបណ្ឌិត ថោង ខុន បានគូសបញ្ជាក់បន្ថែមថា មហាសន្និបាតប្រចាំឆ្នាំនេះ ពិតជាមានតម្លៃ និង ទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីជាចក្ខុវិស័យតម្រង់ទិស ដល់យើងទាំងអស់គ្នាឲ្យបន្តការខិតខំប្រឹងប្រែង អនុវត្តការងារកីឡា និងអភិវឌ្ឍវិស័យកីឡាជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើនរុងរឿង ដើម្បីបន្តពង្រឹងសក្តានុពល និងឧត្តមភាពកីឡាជាតិ លើឆាកអន្តរជាតិ ៕







