ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តខេត្តព្រៃវែង និងជាប្រធានកិត្តិយសសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន និងលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលជំនាញគ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិជំនាន់ទី៣ ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិ។

លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធ បាននិយាយថា សយោងតាមកម្មវិធីប្រតិបត្តិប្រចាំឆាំ្ន ២០២៥ របស់សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជាបានរៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិ កម្រិតមូលដ្ឋាន ជំនាន់ទី៣ ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន សរុបចំនួន១៥នាក់ ប្រុស១៣នាក់ ស្រី២នាក់ មកពីបណ្ដាក្លិបជាសមាជិក។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៨ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ ប្រាណកម្ពុជា នៅលើផ្សារសំណង់១២ រាជធានីភ្នំពេញ ។

លោកស្រីអគ្គលេខាធិការសហព័ន្ធបានបន្តថា ឆ្លងតាមការសិក្សាអស់រយៈពេល៤៥ថ្ងៃដោយមានការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ការគោរព ពេលវេលាប្រកបដោយភាពទទួលខុសត្រូវ គណៈគ្រប់គ្រងវគ្គទទួលបាននិទ្ទេសល្អណាស់ចំនួន៦នាក់ និទ្ទេសល្អចំនួន៤នាក់ និទ្ទេសមធ្យមចំនួន០២នាក់ និងនិទ្ទេសខ្សោយចំនួន០៣នាក់។

វគ្គបណ្តុះបណ្តាលជំនាញគ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិជំនាន់ទី៣ឆ្នាំ២០២៥នាពេលនេះពិតជាមានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកបាននូវធនធានមនុស្សដើម្បីធ្វើការអភិវឌ្ឍវិស័យកីឡាកាយវប្បកម្មនៅ ព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិក៏ដូចលើឆាកអន្តរជាតិនានា។
លោក អ៊ុក សិទ្ធិជាតិ បានប្រសាសន៍ថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពជំនាញ និងអគ្គនាយកដ្ឋានកីឡាជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ព្រមទាំងអញ្ជើញស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្រ្តីកីឡាក្នុងសហព័ន្ធឲ្យការរៀបចំមានស្តង់ដាស្របតាមការរៀបចំក្នុងតំបន់។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមជម្រាបជូនអង្គពិធីទំាងមូលមេត្តាជ្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិបន្តមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះក៏បានយកចិត្តទុកដាក់រៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យកីឡាសំដៅកសាងធនធានមនុស្សឲ្យមានសុខភាពល្អសមត្ថភាព និងសីលធម៌ខ្ពស់។

លោកប្រធានកិត្តិយសសហព័ន្ធកីឡាកាយវប្បកម្មបានបន្តថា ក្នុងគោលដៅអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងការត្រៀមលក្ខណៈរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតគឺ ការប្រកួតកីឡាយុវជនទ្វីបអាស៊ី លើកទី៥ ឆ្នាំ២០២៩ (5th Asian Youth Games 2029) ក្រសួងអប់រំ យុវជន និងកីឡាបាននឹងកំពុងធ្វើការកែទម្រង់អនុវិស័យអប់រំកាយ និងកីឡាយ៉ាងសកម្ម និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព ទាំងក្នុងក្របខណ្ឌគោលនយោបាយ, ក្របខណ្ឌបច្ចេកទេស និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សានុសិស្ស, មាតាបិតា, អាណាព្យាបាល, សាធារណជន, គ្រូបង្វឹក, គ្រូជំនួយ, និងកីឡាករ កីឡាការិនី មានជំនឿទុកចិត្ត, គាំទ្រ និងចូលរួមយ៉ាងសកម្ម ដោយផ្តោតលើការងារអាទិភាពចំនួន៤ គឺ៖ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធកីឡា, ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា, ការកែទម្រង់រចនាសម្ព័ន្ធនៃការប្រកួតកីឡាគ្រប់ប្រភេទ, និងការពង្រឹងសហព័ន្ធកីឡាជាតិ។
ផ្អែកតាមកម្មវិធីកំណែទម្រង់នេះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចកែទម្រង់ការប្រកួតទៅជាលក្ខណៈហ្គេមវិញ ដើម្បីជំរុញគុណផលកីឡា និងមន្រ្តីកីឡាឱ្យមានចំនួនគ្រប់គ្រាន់ ប្រកបដោយចំណេះដឹង បទពិសោធន៍សម្រាប់រៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ។ ក្រសួងបានរៀបចំព្រឹត្តិការណ៍កីឡាជាច្រើន ដើម្បីផ្តល់ឱកាសដល់សាធារណជន បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីដែលមានទេពកោសល្យតំណាងជាតិចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ ដើម្បីយកការប្រកួតខាងលើជាការដ្ឋានសម្រាប់អនុវត្តការងារត្រៀម ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតគឺ ការប្រកួតកីឡាយុវជនទ្វីបអាស៊ី លើកទី៥ ឆ្នាំ២០២៩ (5th Asian Youth Games 2029)។ ផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេសដែលសហព័ន្ធកីឡាជាតិបានបណ្តុះបណ្តាលហើយ បានអនុវត្តការងារជាក់ស្តែង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍។ លើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតត្រៀមលក្ខណៈឆ្ពោះទៅឆ្នាំ២០២៩៕




ដោយ៖ លី ភីលីព
