កីឡា

លោក ហាក់ សុខមករា ៖ ការប្រកួតនេះធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកអត្តពលិក ឆ្នើមតំណាងខេត្តចូលរួមការប្រកួតទូទាំងប្រទេស

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលតំណាងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំសិក្សា ២០២៤-២០២៥នៅកីឡដ្ឋាន ខេត្តកណ្តាល ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ នាពេលនេះដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើម និងមានទេពកោសល្យល្អតំណាងខេត្តចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។

លោកអភិបាលរងខេត្តកណ្តាលបានបន្តថា កីឡាជាសកម្មភាពដែលផ្តល់មកនូវសុខភាពល្អ រាងកាយមាំមួន ព្រមទាំងបញ្ញាស្មារតីឈ្លាសវៃ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាបញ្ចកោណទាំងប្រាំ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង, ការអភិវឌ្ឍ វិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិយាបទ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងនោះរដ្ឋាភិបាល បានសង្កត់ធ្ងន់ អាទិភាពគន្លឹះចំនួន៥សម្រាប់ធ្វើកំណែទម្រង់គឺ ទី១កំណែទម្រង់វិស័យអប់រំ ទី២ការពង្រឹងវិស័យសុខាភិបាល ទី៣កំណែទម្រង់វិស័យមុខងារសាធារណៈ ទី៤ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី៥កំណែទម្រង់លើប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការប្រកួតកីឡាធ្វើឡើងដើម្បីរឹតចំណងមិត្តភាព និងការជៀសឆ្ងាយពីគ្រឿងញៀន ហើយការប្រកួតតែងតែមានអ្នកឈ្នះ មានអ្នកចាញ់ ប៉ុន្តែសំខាន់ចំពោះក្រុមដែលមិនបានទទួលជ័យជម្នះពេលត្រឡប់ទៅវិញ ត្រូវខិតខំហ្វឹកហាត់បន្ត ដើម្បីប្រកួតដណ្ដើម យកជ័យជម្នះនៅឆ្នាំក្រោយៗទៀត។ម៉្យាងទៀត ចំពោះក្រុម ដែលទទួលបានជ័យជម្នះ ត្រូវហ្វឹកហាត់ បង្កើនសមត្ថភាព បន្តទៀត ដើម្បីចូលរួម ប្រកួត ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា ២០២៤-២០២៤ នៅពេលខាងមុខ។

លោកបានណែនាំឲ្យរដ្ឋបាល ក្រុង ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និង នាយក នាយិកា គ្រឹះស្ថានបឋមសិក្សា ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបាន ការវិវត្តន៍ផ្នែករាងកាយ បញ្ញាស្មារតី និងបណ្តុះបណ្តាលធនធានមនុស្ស ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្ត្រកំណែទម្រង់ លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ ត្រូវមានជំនាញកីឡា មួយប្រភេទយ៉ាងតិច ប្រចាំជីវិត៕

ដោយ៖ លី ភីលីព

Most Popular

To Top