កីឡា

លោក អ៊ូ រតនា និងសមាជិកប្រតិបត្តិរបស់សហព័ន្ធជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយក្រុមអត្តពលិកកីឡាវ៉ូវីណាមឆ្នើមៗ

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងសមាជិកប្រតិបត្តិរបស់សហព័ន្ធបានជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយក្រុមកីឡាករ-កីឡាការិនីកីឡាវ៉ូវីណាមដែលដណ្តើមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៧ ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និងចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នៅភោជនីយដ្ឋាន LAO BAO ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានសហព័ន្ធ អនុប្រធានកិត្តយស អនុប្រធានសហព័ន្ធ អគ្គលេខាធិការ អគ្គរង អគ្គហិរញឹក អគ្គរញឹករង សមាជិកប្រតិបត្តិ ទីប្រឹក្សាបានរៀបចំជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ដើម្បីកម្មវិធីជប់លៀងអបអរសាទរដល់កីឡាករ-កីឡាការីនីវ៉ូវីណាម ទទួលបានជ័យលាភីក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៧ ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ។

លោកប្រធានសបន្តថា កម្មវិធីនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្ត និងគាំទ្រផ្ដល់ភាពសប្បាយរីករាយជូនដល់ កីឡាករ-កីឡាការីនីវ៉ូវីណាមដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការហ្វឹកហាត់យ៉ាងសកម្មភាពមុនចេញទៅចូលរួមប្រកួតកម្រិតអន្តរជាតិម្តងៗ ដោយមិនគិតពីការនឿយហត់។ ការតស៊ូទំាងកម្លាំងកាយ និងកម្លាំងចិត្តធ្វើឲ្យកីឡាករ-កីឡាការីនីវ៉ូវីណាមកម្ពុជាទទួលបានមេដាយយ៉ាងច្រើនជូនប្រទេសជាតិយើង។

លោក អ៊ូ រតនា បានបន្ថែមថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិបន្តមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះក៏បានយកចិត្តទុកដាក់រៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្សឲ្យមាន សុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់។

ដោយ៖ លី ភីលីព

Most Popular

To Top