ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើឆាកអន្តរជាតិ ក្នុងនោះលោកនាំយកខ្សែក្រវ៉ាត់ WBC KUN KHMER របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មកដល់ទឹកដីកម្ពុជាជាផ្លូវការ ដើម្បីការប្រកួតកម្រិតពិភពលោកក្នុងការដណ្តើមខ្សែក្រវ៉ាត់នៅខេត្តព្រះហនុនាពេលខាងមុខនេះ។

លោក ស្រី ចាន់ថន បានមានប្រសាសន៍ថា លោក និងក្រុមការងារក្លិបគុនខ្មែរអន្តរជាតិ (KKIF) បានចំណាយពេលជិត ១ឆ្នាំហើយសម្រាប់សុំសិទ្ធិស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) អំឡុងពេលលោកនាំយកកីឡាករគុនខ្មែរយើងទៅអាមេរិកដើម្បីសម្តែង និងផ្សព្វផ្សាយគុនខ្មែរលើកឆាកអន្តរជាតិ។

ក្រោយពីសុំសិទ្ធិ ស្ថាប័នប្រដាល់ពិភពលោកបានសំឡឹងវិស័យកីឡាប្រដាល់គុនខ្មែរ ស្របពេលកីឡាប្រដាល់គុនខ្មែរយើងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងពីសំណាក់អ្នកជាតិ និងអន្តរជាតិ។ លោកប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF)បានបន្តថា ខ្សែក្រវាត់ WBC Kun Khmer ជាមោទនភាពដ៏ធំធេងសម្រាប់គុនខ្មែរ ព្រោះ WBC ជាប្រភេទខ្សែក្រវ៉ាត់កម្រិតពិភពលោកដ៏ល្បីល្បាញ ហើយកីឡាករប្រដាល់លំដាប់ពិភពលោកជាច្រើន បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការឈ្នះបានខ្សែក្រវាត់ WBC នេះ។

ដោយឡែក សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរទើបតែបានទទួលស្គាល់ផ្លូវការពីស្ថាប័ន WBC ហើយនេះជាមូលហេតុចម្បងដែលកម្ពុជាតាមរយៈលោកអាចបង្កើតខ្សែក្រវាត់ WBC Kun Khmer ជាប្រវត្តិសាស្រ្តលើកដំបូង ដើម្បីបើកផ្លូវឲ្យកម្ពុជា មានសិទ្ធិរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់នេះជាផ្លូវការ ក្នុងការផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោកដ៏ពិតប្រាកដ។ លោក ស្រី ចាន់ថន ជាអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានបង្ហាញក្តីរំភើបខ្លាំង ហើយលោកបានអះអាងថា វាជារឿងដែលមិននឹកស្មានដល់ ដែលស្ថាប័ន WBC ទទួលស្គាល់ គុនខ្មែរ ហើយថែមអនុញ្ញាតិឲ្យកម្ពុជា បង្កើតខ្សែក្រវាត់ WBC Kun Khmer ជាលើកដំបូងទៀត។ លោកជាក្តីសង្ឃឹមរបស់បងប្អូន ជាតិសាសន៍ខ្មែរទាំងមូល ដែលចង់បានពាក្យគុនខ្មែរ នៅលើខ្សែក្រវាត់ WBC ព្រមទាំងមានទង់ជាតិកម្ពុជា ជាពិសេសគឺរូបប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរយើង។

លោក ស្រី ចាន់ថន បានឲ្យដឹងថា ខ្សែក្រវាត់ WBC Kun Khmer នេះ ជាការឌីហ្សាញដោយផ្ទាល់ពីសំណាក់ប្រធានស្ថាប័ន WBC លោក Mauricio Sulaiman ហើយលោកក៏ចេញវីដេអូខ្លីមួយ បញ្ជាក់ពីការចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការ ក្នុងការបង្កើតឲ្យមានខ្សែក្រវាត់ WBC Kun Khmer ជាលើកដំបូងនេះ សម្រាប់ប្រទេសកម្ពុជាផងដែរ។
ប្រធានក្លិប KKIF បានបន្ថែមថា នៅរង្វង់ជុំវិញខ្សែក្រវាត់ WBC Kun Khmer ក៏ដូចជាខ្សែនពណ៌ខៀវ និងក្រហមតំណាងឲ្យង់ជាតិកម្ពុជា។ពណ៌នេះតំណាងឲ្យប្រទេសកម្ពុជាយើង ព្រោះនេះជាខ្សែក្រវាត់គំរូទី១ តំណាងឲ្យប្រទេសកម្ពុជាតែម្តង។ ចំណែកខ្សែក្រវាត់ក្រោយៗទៀត យើងអាចប្រើពណ៌ផ្សេងពីនេះ ហើយនេះក៏ជាប្រវត្តិសាស្រ្ត ដែលខ្សែក្រវាត់ WBC មានពាក្យគុនខ្មែរ ហើយយើងនឹងរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់នេះ នៅលើទឹកដីខេត្តព្រះសីហនុ នាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕
ដោយ៖ លី ភីលីព
