ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម វគ្គបំប៉នសមត្ថភាពស្តីពី “ការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។

លោក ហួត សេងទ្រី បានប្រាប់ឲ្យដឹងថា ការរៀបចំវគ្គបំប៉ននេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពអ្នកចូលរួមឲ្យទទួលបាននូវ ចំណេះដឹង ជំនាញ និងឧបករណ៍អនុវត្តជាក់ស្តែងដែលត្រូវការដើម្បីរៀបចំផែនការ រៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅកម្រិតផ្សេងៗប្រកបដោយប្រសិទ្ធភាព លើកកម្ពស់វិជ្ជាជីវៈធានាការអនុវត្តព្រឹត្តិការណ៍កីឡាប្រកបដោយជោគជ័យ លើកកម្ពស់ការងារជាក្រុម ឲ្យមាននិរន្តរភាព ព្រមទាំងបង្កើនធនធានមន្រ្តីកីឡា នៅតាមសហព័ន្ធកីឡាជាតិ ឲ្យការរៀបចំមានស្តង់ដា តែមួយស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ ។

សិក្ខាកាមមកពី ២៥ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ក្នុងនោះ១ រាជធានី ខេត្តមានចំនួន ២នាក់ សុរប ៥០ នាក់ និងសហព័ន្ធកីឡាជាតិ ១៥ រួមមានសហព័ន្ធអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ បាល់ទាត់ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF បាល់ទះ ប៊ូល និងប៉េតង់ គុនល្បុក្កតោ វ៉ូវីណាម ការ៉ាតេ និងគុនដាវ ដោយក្នុង ១ សហព័ន្ធ ចំនួន ២ នាក់ សរុប ៣០ នាក់ សរុបរួម សិក្ខាកាមចំនួន ៨០នាក់។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពជំនាញជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបំប៉នដ៏មានសារសំខាន់នេះ ព្រមទាំងអញ្ជើញមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងបង្កើនធនធាន មន្រ្តីកីឡាពាក់ព័ន្ធបម្រើឲ្យការងារកីឡា ទទួលបានបទពិសោធន៍ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់ ។

លោក រដ្ឋលេខាធិការបានបន្តថា ក្នុងន័យនេះ ដើម្បីឲ្យសហព័ន្ធកីឡាជាតិទទួលបានចំណេះដឹង និងបទពិសោធន៍ នៃការរៀបចំការប្រកួតថ្នាក់ ជាតិស្តង់ដាខ្ពស់ មន្ត្រីបច្ចេកទេសកីឡា ដែលបានបណ្តុះបណ្តាលរួចហើយ មានឱកាសអនុវត្តការងារ ទទួលបានចំណេះដឹង និងបទ ពិសោធន៍ ជាពិសេស កីឡាករ កីឡាការិនី បានវាស់ស្ទង់កម្រិត បច្ចេកទេស ក្នុងការត្រៀមលក្ខណៈអន្តរជាតិនានា នៅថ្ងៃខាងមុខ។

លោក វ៉ាត់ ចំរើន បានបន្ថែមថា ដូច្នេះសហព័ន្ធកីឡាជាតិត្រូវមានភាពរឹងមាំ ទាំងការងាររដ្ឋបាល និងការងារបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើប្រតិភូកម្មមុខងារ និងការគាំទ្រថវិកា ទៅសហព័ន្ធកីឡាជាតិ សម្រាប់ផែនការមេ នៃការប្រកួតកីឡាយុវជនអាស៊ី ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៨ និងឆ្នាំ២០២៩ ដើម្បីឲ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡា សំណូមពរ ដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡាឲ្យខិតខំ ប្រឹងប្រែងរួមគ្នា បន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ។ ក្រោមពាក្យស្លោក “រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ” ដើម្បីជោគជ័យ ជូនជាតិមាតុភូមិ ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលអញ្ជើញចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងក្របយកចំណេះដឹងថ្មីៗដែលគ្រូបានផ្តល់ឱ្យ ដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំ និងគ្រប់គ្រងការ ប្រកួតក្នុងកម្រិតក្រោមជាតិ ជាតិ អន្តរជាតិ ឱ្យមានប្រសិទ្ធភាព ឆ្ពោះទៅឆ្នាំ២០២៨ និងឆ្នាំ២០២៩៕
ដោយ៖លី ភីលីព

