កីឡា

លោក ស សុខា ផ្តល់អនុសាសន៍សំខាន់មួយចំនួនជាគន្លឹះឈានឆ្ពោះទៅរកសក្កានុពលទាំងកម្រិតជាតិ និងអន្តរជាតិ

ភ្នំពេញ៖ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានបើកមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមវត្តមានលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

បន្ទាប់ពីស្តាប់របាយការណ៍ការងារដែលលើកឡើង ដោយលោ បណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធនិងរបាយការណ៍ហិរញ្ញវត្ថុស្តីអំពីចំណូលចំណាយដែលអានដោយ កញ្ញា មាស តឿ អគ្គហិរញ្ញឹករួចមក ឯកឧត្តម អភិសន្តិបណ្ឌិត បានកោតសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការប្រតិវត្តិទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្របង្កលក្ខណៈឲ្យសហព័ន្ធសម្រេចបានលទ្ធផលកាន់តែល្អប្រសើរទាំងការងារហ្វឹកហាត់ប្រកួតនៅក្នុងស្រុក និងការចេញទៅប្រកួតនៅក្រៅស្រុក ដោយទទួលបានផលទ្ធផលមកជូនជាតិជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤។

លោកអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ធំៗមួយចំនួនជាគន្លឹះឈានឆ្ពោះទៅរកសក្កានុពលទាំងកម្រិតជាតិ និងអន្តរជាតិ ហើយលោក សរ សិទ្ធិរដ្ឋលេខាធិការ កាន់កាប់ការងាររួមពិនិត្យឱ្យបានស៊ីជម្រៅផ្តល់ជូននូវអ្វីដែលជាម្រូវការចាំបាច់ក្នុងការអភិវឌ្ឍ និងសូមឱ្យអភិបាលខេត្តស្វាយរៀងជួយពន្លឿនរៀបចំទីតាំងហ្វឹកហាត់ជូនកីឡាករគ្រូបង្វឹកដែលជាមូលដ្ឋានអភិវឌ្ឍបច្ចេកទេស ។ ស្នើសុំដល់ក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមពិនិត្យមើលសម្របសម្រួលផ្តល់ជូនចំនួនកីឡាករកីឡាការិនីជម្រើសជាតិសមស្របទៅនិងការហ្វឹកហាត់ត្រៀម ដើម្បីទទួលបានសក្កានុពល ។

លោកអភិសន្តិបណ្ឌិតបានបន្តថា ចំពោះការហ្វឹកហាត់វិញមន្រ្តីជំនាញរបស់សហព័ន្ធគួរតែសម្រេចជ្រើសរើសយកតែវិញ្ញាសាណាអាចមានភាគរយខ្ពស់ក្នុងការប្រជែងមេដាយ ដើម្បីឱ្យកីឡាករកីឡាការិនីយើងហ្វឹកហាត់បំប៉ន ។ វិញ្ញាសាណាដែលបញ្ជូនទៅចូលរួមប្រកួតនៅក្រៅប្រទេស ហើយ យើងឈ្នះមេដាយ យើងត្រូវតម្រង់ទិសត្រៀមឆ្នាំ២០២៩ កីឡាអូឡាំពិកយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយក្នុងនោះ ត្រូវញែកចេញជាពីរ គឺទី១បំពាក់បំប៉នកីឡាករកីឡាការិនី និងទី២បំពាក់បំប៉នមន្រ្តីបច្ចេកទេស និង ខិតខំផ្សព្វផ្សាយធ្វើឱ្យកីឡាយើងកាន់តែមានប្រជាប្រិយភាពដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រ។

សូមផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សមន្រ្តីអាជ្ញាកណ្តាលចៅក្រមជាការពង្រីកដល់ក្លឹបរាជធានីខេត្តឲ្យបានយល់ដឹងក្នុងស្តង់ដាតែមួយ ព្រោះទិសដៅយើង និងរៀបចំការប្រកួតនៅថ្នាក់ខេត្ត ហើយមន្រ្តីថ្នាក់ខេត្ត គឺអាចធ្វើការបាននិងជួយបានផ្នែកបច្ចេកទេស ជាការផ្តល់ឱកាសដល់មន្រ្តីថ្នាក់ខេត្តអភិវឌ្ឍសមត្ថភាព និងកាត់បន្ថយការចំណាយទៅលើមន្រ្តីបច្ចេកទេសយកពីសហព័ន្ធទៅ។

ត្រូវរៀបចំការប្រកួតនៅក្នុងស្រុកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយើងត្រូវរៀបចំជាពាក់កណ្តាលអាជីពនិងពាក់កណ្តាលមហាជន ដោយមានការបន្ធូបន្ថយនូវលក្ខន្តិកៈធ្វើយ៉ាងឱ្យតែគ្រប់រាជធានីខេត្តបានចូលរួម ព្រោះការចូលរួមផុសផុល និងជួយទាក់ទាញចំណាប់អារម្មណ៍មហាជននិងយុវជនចាប់អារម្មណ៍ទស្សនា និងចង់ចូលហ្វឹកហាត់ក្លាយជាកីឡាករកីឡាការិនី ហើយ យើងនិងទទួលបាននូវធនធានសប្បូបែបនៅពេលខាង។

លោក អភិសន្តិបណ្ឌិត ស សុខា បានជំរុញឲ្យលោក សរ សិទ្ធិ បន្តដឹកនាំប្រជុំប្រចាំខែ ដើម្បីតាមដានពិនិត្យរាល់ការខ្វះខាត ដើម្បីបន្តអនុវត្តការងារឱ្យស្របតាមទិសដៅផែនការមេប្រចាំឆ្នាំរបស់សហព័ន្ធ។ សូមបន្តសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយ ពិសេស រាល់ការជ្រើសរើសកីឡាករកីឡាការិនីត្រូវមើលជំនាញទេពកោសល្យ ដើម្បីឱ្យសិទ្ធផលនិងគុណផលបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ។ ត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សជាពិសេស ដល់មន្រ្តីអាជ្ញាកណ្តាលចៅក្រមនិងមន្រ្តីបច្ចេកទេសឱ្យដើរទាន់បទរិបទរបស់ពិភពលោក។ត្រូវបន្តពង្រីកនិងពង្រឹងទំនាក់ទំនងអន្តរជាតិឱ្យកាន់តែល្អជាមួយបណ្តាលប្រទេសនានា៕

ដោយ៖ លី ភីលីព

Most Popular

To Top